បាល់ទាត់

Xavi ត្រូវពិន័យជិត ២៧០០$ ព្រោះល្មើសគោលការណ៍រក្សាសុវត្ថិភាពពីជំងឺ COVID-19

វីរៈបុរសក្លិប FC Barcelona លោក Xavi ដែលបច្ចុប្បន្នជាគ្រូបង្គោលនៃក្លិប Al Sadd SC សមាជិកក្របខណ្ឌលីគកំពូលកាតា ត្រូវបានពិន័យជាទឹកប្រាក់ ២ ៧០០ ដុល្លារ ពីបទល្មើសនឹងគោលការណ៍រក្សាសុវត្ថិភាពជៀសពីជំងឺឆ្លងសាកល COVID-19 ។

ការពិន័យខាងលើគឺចេញផ្ទាល់ពីសមាគមបាល់ទាត់កាតា (QFA) ដោយបានពិន័យចំពោះបុរសសញ្ជាតិអេស្ប៉ាញរូបនេះ ដោយបានចោទប្រកាន់ថាល្មើសនឹងគោលការណ៍រក្សាសុវត្ថិភាពពីជំងឺ COVID-19 ដែលដាក់ចេញដោយក្រសួងសុខាភិបាលកាតា។

ដើមហេតុដំបូងកាលពី ២ សប្តាហ៍មុនលោក Xavi បានប្រកាសតេស្តឃើញមានផ្ទុក COVID-19 ថែមទាំងខកខានក្នុងការដឹកនាំប្រកួតមួយលើកទៀតផង។ យ៉ាងណា! ប៉ុន្មានថ្ងៃក្រោយ ខាងវេជ្ជបណ្ឌិតក៏បានប្រកាសថារូបគាត់បានយកឈ្នះលើជំងឺ ពោលគឺសម្រាកព្យាបាលបានជាសះស្បើយ។ ប៉ុន្តែយោងទៅតាមគោលការណ៍ ពេលរូបលោកត្រឡប់មកចូលបម្រើការងារដឹកនាំក្លិបវិញ តម្រូវឲ្យបំពេញបែបបទ និងពិនិត្យសាជាថ្មីជាមួយខាងវេជ្ជបណ្ឌិតរបស់សមាគមបាល់ទាត់កាតា (QFA) ផ្ទាល់ម្តងទៀត តែលោកមិនបានអនុវត្តទៅតាមគោលការណ៍កំណត់។

បញ្ជាក់ផងថា ប្រទេសកាតា ទាំងមូលមានរបាយការណ៍អ្នកផ្ទុកជំងឺ COVID-19 សរុបជាង ១១ មុឺននាក់ ប៉ុន្តែកំពុងស្ថិតនៅក្នុងការព្យាបាល់ជាង ១ មុឺននាក់ប៉ុណ្ណោះ ដោយភាគច្រើនបានជាសះស្បើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628