បាល់ទាត់

សមាគមបាល់ទាត់ថៃ ប្រកាសរកជំនួយឧបត្ថម្ភទប់ស្កាត់សេដ្ឋកិច្ចសម័យ COVID-19

ប្រធាននៃសមាគមបាល់ទាត់ថៃ (FAT) លោក Somyot Poompunmuang បានបញ្ជាក់ជាផ្លូវការ ស្ថាប័នគ្រប់គ្រងលើវិស័យបាល់ទាត់ក្នុងប្រទេសមួយនេះ អាចប្រឈមនឹងបញ្ហាហិរញ្ញវត្ថុព្រោះតែវិបត្តិ COVID-19 ហើយជាមូលហេតុចាំបាច់ត្រូវការស្នើសុំជំនួយដើម្បីទប់ទល់។

យោងតាមការចេញផ្សាយរបស់កាសែត និងទូរទស្សន៍ថៃ បានសម្ភាសន៍ជាមួយប្រធានសមាគមបាល់ទាត់ថៃខាងលើបានឲ្យដឹងថា បច្ចុប្បន្នរូបលោកគ្រោងនឹងរៀបចំឯកសារដើម្បីស្នើសុំគោលការណ៍សុំជំនួយ ឬជាលក្ខណៈកម្ចីទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ជាមុនសិន ដែលជាស្ថាប័នដឹកនាំកំពូលកម្រិតពិភពលោក។

បន្ទាប់ពីមានការយល់ព្រមពីខាងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ទើបសមាគមបាល់ទាត់ថៃ (FAT) នឹងចេញវិធានស្នើសុំជំនួយឧបត្ថម្ភ ឬលក្ខខណ្ឌកម្ចីថវិកាជាផ្លូវការទាំងក្នុងប្រទេស និងពីអន្តរជាតិ។

រូបលោក Somyot Poompunmuang បានចង្អុលបង្ហាញថវិកា ដែលគ្រោងនឹងស្នើដើម្បីប្រើប្រាស់ចម្បងៗ ដូចជា ការជួយបន្តដល់ក្លិបអាជីពក្នុងលីគ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច (បច្ចុប្បន្នភាគច្រើននៅក្លិបលីគលំដាប់ទី ២ និងលីគលំដាប់ទី ៣ ថៃ) ការរៀបចំពានរង្វាន់កម្រិតជាតិ និងការត្រៀមប្រមូលផ្តុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ… ជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628