កីឡាជាតិ

អត្ថន័យខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣បានជម្រាបជូនអំពីអត្ថន័យខ្លឹមសារនៃស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក (Logo-Mascot-Moto) ជូនដូចខាងក្រោម៖

១-អំពីស្លាកសញ្ញា៖ មាននិមិត្តរូបប្រាសាទអង្គរវត្តពណ៌ទឹកមាស រូបនាគព័ន្ធ៤ពណ៌ខុសគ្នា ជាមួយរូបកងចំនួន១១ ជាស្លាកសញ្ញាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ពណ៌ទឹកមាស និងភាសាអង់គ្លេសខាងក្រោម “The 32nd SEA Games Cambodia Phnom Penh” រីឯស្លាកសញ្ញាការប្រកួតកីឡាជនពិការមាននិមិត្តរូបដូចគ្នា ខុសតែស្លាកសញ្ញាកីឡាជនពិការអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ។ ខ្លឹមសារអត្ថន័យ អត្ថរសនៃ Logo ទាំងពីរបង្កប់នូវថាមពល នៃវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិដ៏ត្រចះត្រចង់របស់ខ្មែរគ្រប់ជំនាន់ជាមួយនឹងស្មារតីនាគព័ន្ធ គឺសាមគ្គីភាព សហប្រតិបត្តិការនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាសមាជិក SEA Games។

២-រូបសត្វតំណាង Mascot៖ ជានិមិត្តរូបសុភាទន្សាយញីឈ្មោលចំនួនពីរមានឈ្មោះថា “បុរី” ជាពួអង្គប្រុស និង “រំដួល” ជាតួអង្គស្ត្រី ដែលតួអង្គប្រុសដៃស្តាំកាន់ភ្លើងគប់កីឡា តួអង្គស្រ្តី សំពះស្វាគមន៍ភ្ញៀវ ហើយតួអង្គទាំងពីរបញ្ចេញទឹកមុខ និងស្នាមញញឹមខ្មែរ រួសរាយរាក់ទាក់ស្វាគមន៍យ៉ាងកក់ក្តៅ ប្រតិភូ និងភ្ញៀវ SEA Games លើកទី៣២ ឆ្នាំ២០២៣។

រីឯការគ្រងសម្លៀកបំពាក់ជាកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលជាប្រភេទកីឡាអត្តសញ្ញាណជាតិ គឺជាប្រភេទកីឡាដែលបានចុះបញ្ជីបេតិកភណ្ឌអរូបិយជាតិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានស្នើសុំចុះបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិរបស់អង្គការ UNESCO ផងដែរ។ ខ្លឹមសារអត្ថន័យ អត្ថរសនៃ Mascot គឺជារូបសុភាទន្សាយតំណាងឲ្យតួអង្គសន្តិភាពនិយម ជាតួអង្គសុភាពរាបសារ ទន់ភ្លន់ បញ្ញាឈ្លាសវៃ យុត្តិធម៌គួរឲ្យស្រឡាញ់ នៃប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ ពិសេសគុណសម្បត្តិ និងគុណតម្លៃដ៏អស្ចារ្យនៃសុភាទន្សាយបានលេចត្រដែតក្នុងរឿងនិទានខ្មែរ ដែលជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរដ៏ល្អឥតខ្ចោះ។ ម្យ៉ាងទៀត ឆ្នាំ២០២៣ គឺជាឆ្នាំថោះ ឆ្នាំសត្វទន្សាយផងដែរ។

៣-បាវចនា Motto៖ “កីឡារស់ក្នុងសន្តិភាព” “SPORTS LIVE IN PEACE” មានអត្ថន័យស៊ីជម្រៅ ក្នុងគុណប្រយោជន៍នៃសន្តិភាព មានសន្តិភាពទើបកីឡាមានជីវិត កីឡាមានសកម្មភាព និងកីឡាមានការអភិវឌ្ឍ។ យ៉ាងណាមិញ SEA Games លើកទី៣២ ឆ្នាំ២០២៣ កើតមានបានដោយសារកម្ពុជាមានសន្តិភាព ជាកត្តាសត្យានុម័ត។ គ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ គ្មានសន្តិភាព គ្មានសិទ្ធិធ្វើសកម្មភាពកីឡា គ្មានសិទ្ធិរៀបចំប្រកួតកីឡា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មាន SEA Games នៅកម្ពុជាផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628