បាល់ទាត់

គ្រូបង្វឹកល្បីឈ្មោះ ៥ រូបធ្លាប់ជួយក្លិបឈ្នះពាន ប៉ុន្តែត្រូវដកតំណែងទាំងមិនអស់ចិត្ត

អាជីពជាគ្រូបង្វឹក ឬអ្នកចាត់ការទូទៅ ដែលកាន់តំណែងនៅក្នុងក្លិបអាជីពនៃពិភពបាល់ទាត់នាទ្វីបអឺរ៉ុប គឺពិតជាពុំងាយស្រួលនោះទេ ជួនកាលដ្បិតជួយឲ្យទទួលបានសមិទ្ធផលមួយចំនួនក្តី ក៏ត្រូវបានខាងថ្នាក់ដឹកនាំក្លិបសម្រេចដកតំណែងក៏មានករណីបែបនេះផងដែរ។ ទាំងនេះក៏ជាផ្នែកមួយបង្កប្រជាប្រិយភាពនៃទស្សនីយ៍ភាពដល់អ្នកគាំទ្រក្នុងតំបន់ ដែលគេចាត់ទុកថាជាតំបន់មានវិស័យបាល់ទាត់ជឿនលឿនជាងគេក្នុងពិភពលោក។ ជាជាក់ស្តែងក្នុងពេលថ្មីៗ នេះតែម្តងគឺលោក Maurizio Sarri ទើបបានជួយ Juventus រក្សាកំណត់ត្រាលើកពានលីគកំពូលអ៊ីតាលី តែនៅត្រូវក្លិបដកតំណែងដដែល។

ក្នុងពេលនេះ វេហា នឹងបង្ហាញជូនប្រិយមិត្តពីគ្រូបង្វឹក ឬអ្នកចាត់ការទូទៅល្បីឈ្មោះក្នុងតំបន់អឺរ៉ុបចំនួន ៥ រូប ដែលត្រូវក្លិបខ្លួនបញ្ចប់តំណែង ដ្បិតបានជួយក្លិបឈ្នះពានក្នុងការគ្រប់គ្រងរបស់ពួកគាត់ក៏ដោយក្តី៖

 

១. Maurizio Sarri – Chelsea & Juventus 

បុរសវ័យ ៦១ ឆ្នាំខាងលើកន្លងមកធ្លាប់មានប្រវត្តិជួយក្លិបអ៊ិតាលីក្របខណ្ឌលីគក្រោមៗ ឡើងមកកាន់លីគកំពូល ប៉ុន្តែសម្រាប់ពានរង្វាន់ដែលគាត់ឈ្នះគឺហាក់ដូចជាពុំមានអ្វីគួរកត់សម្គាល់ឡើយ ដ្បិតរូបគាត់មានប្រវត្តិដឹកនាំជាង ២៤ ឆ្នាំមកហើយក្តី។

តែក្នុងរយៈ ២ រដូវកាលចុងក្រោយនេះលោក Maurizio Sarri បានដឹកនាំក្លិបធំៗ ទាំងពីររួមមាន Chelsea (អង់គ្លេស) និង Juventus (អ៊ីតាលី) ព្រមទាំងជួយឲ្យក្លិបទាំងទ្វេសុទ្ធតែទទួលបានពានរង្វាន់ ប៉ុន្តែគួរសោកស្តាយនៅតែត្រូវក្លិបដកតំណែង។ សម្រាប់ក្លិបទីក្រុងឡុងដ៍ Chelsea ក្នុងរជ្ជកាលរបស់គាត់បានជួយលើកពានកម្រិតទ្វីប UEFA Europa League ២០១៨/២០១៩ និងឈរលេខរៀងទី ៣ ក្នុងតារាងលីគ តែចុងក្រោយក្លិបនេះបានលក់គាត់មកកាន់ Juventus ដែលផ្តល់កៅអីជំនួសដោយវីរៈឞុរសក្លិបលោក Frank Lampard វិញ។

តមករដូវកាលបន្ទាប់ ២០១៩/២០២០ នេះតែម្តងបុរស ដែលគេផ្តល់រហស្សនាម ស្តេចបារី ក៏បានជួយក្លិបរក្សាកំណត់ត្រាពានលីគកំពូលអ៊ីតាលី Serie A តែបរាជ័យពាន Coppa Italia និងធ្លាក់ចេញពី UEFA Champions League ហើយត្រូវបានដកតំណែងក្រោយ ១ សប្តាហ៍ប៉ុណ្ណោះពីថ្ងៃគ្រងជើងឯកលីគ។ ខណៈក្លិបសេះបង្កង់ Juventus រកបានវីរៈបុរសក្លិបលោក Andrea Pirlo មកជំនួសតំណែង។

 

២. Antonio Conte – Chelsea 

វាសនាមិនខុសគ្នាប៉ុន្មានពីលោក Maurizio Sarri ឡើយ លោក Antonio Conte ជាមួយក្លិបតោខៀវ Chelsea បានចំណាយពេល ២ រដូវកាល និងជួយឲ្យក្លិបឈ្នះពានដល់ទៅ ២ ជាប់រដូវកាលគ្នាតែម្តងពោលរួមមាន Premier League ដែលជាពានលីគកំពូលចុងក្រោយរបស់ក្លិបមួយនេះ រួមជាមួយកំណត់ត្រាឈ្នះ ១៣ លើកជាប់គ្នាក្នុងលីគផងដែរ។ រដូវកាលបន្ទាប់ក៏បានជួយឲ្យក្លិបម្ចាស់កីឡដ្ឋាន Stamford Brdige ឈ្នះពាន FA Cup លើកចុងក្រោយដូចគ្នា។

យ៉ាងណាក៏ដោយ Chelsea នៅតែដកតំណែងអ្នកចាត់ការទូទៅបច្ចុប្បន្នភាពកាន់នៅក្លិប Inter Milan រូបនេះដោយសាររដូវកាលចុងក្រោយបានជាប់ចំណាត់ថ្នាក់លេខរៀងទី ៥ មិនអាចលេងពាន UEFA Champions League នារដូវកាលបន្ទាប់។

 

៣. Unai Emery – Paris Saint-Germain

មុនឈានជើងមកដឹកនាំនៅក្លិបកាំភ្លើងធំ Arsenal លោក Unai Emery បានសម្រេចភាពជោគជ័យជាមួយការឈ្នះពានរង្វាន់ផ្លូវការសរុប ៧ ពានដល់ក្លិប Paris Saint-Germain តែនៅត្រូវក្លិបផ្តាច់កិច្ចសន្យាដដែល។

ក្នុងអាជីពដឹកនាំនៅក្លិបអ្នកមានប្រចាំទីរដ្ឋធានីនៅប្រទេសបារាំងខាងលើ បុរសសញ្ជាតិអេស្ប៉ាញបានដឹកនាំផ្លូវការសរុប ១១៤ លើក ឈ្នះ ដល់ទៅ ៨៧ លើក ស្មើ ១៥ លើក និងចាញ់តែ ១២ លើកប៉ុណ្ណោះ ដោយបានរួមចំណែកលើកពានលីគកំពូលបារាំង ១ លើក , ពានខាប់ Coupe de France ២ , Coupe de la Ligue ២ និងពានបើករដូវកាល ២ លើក។

យ៉ាងនេះក្តី! មូលហេតុចម្បង ដែលជំរុញឲ្យក្លិបអក្សរកាត់ PSG ដកតំណែងអាចមកពីមូលហេតុ ២ សំខាន់ៗ ដូចជាការបរាជ័យ ឬដាច់កំណត់ត្រាឈ្នះលីគកំពូលបារាំងនារដូវកាល ២០១៦/២០១៧ និងភាពបរាជ័យក្នុងក្របខណ្ឌ UEFA Champions League ដ្បិតក្លិបបានចំណាយលុយមហាសាលនាំយកកីឡាករកំពូលៗ បច្ចុប្បន្នដូចជា Neymar Jr និង Kylian Mbappe ជាដើម។

 

៤. Louis van Gaal – Manchester United 

លោក Louis van Gaal បានស្ម័គ្រចិត្តចាកចេញពីតំណែងដឹកនាំក្រុមជម្រើសជាតិហូឡង់ ដើម្បីមកកាន់នៅក្លិប Manchester United ព្រមទាំងជួយឲ្យក្លិបឈ្នះពាន FA Cup ១ សម័យកាលផងដែរ មុននឹងត្រូវបានក្លិបរហស្សនាមបិសាចក្រហមខាងលើដកតំណែង។

បុរសរូបនេះបានធ្វើដំណើរមកដល់កីឡដ្ឋាន Old Trafford ដើម្បីដឹកនាំជំនួសកៅអីលោក David Moyes ដោយដឹកនាំពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ដោយបានជួយក្លិបឈ្នះពាន FA Cup រដូវកាល ២០១៥/២០១៦ ខណៈរដូវកាលដំបូងក៏បានជួយក្លិបឲ្យឈរលេខរៀងទី ៤ ក្នុងតារាងលីគកំពូលអង់គ្លេសផងដែរ ប៉ុន្តែឈានចូលដល់រដូវកាលទី ២ ដោយធ្វើពុំបានល្អក្នុងលីគ ក៏ត្រូវបានបញ្ចប់តំណែង និងជំនួសដោយលោក Jose Mourinho 

 

៥. Vicente del Bosque – Real Madrid

លោក Vicente del Bosque ត្រូវបានគេទទួលស្គាល់ជាវីរៈបុរសមួយរូបក្នុងប្រវត្តិសាស្ត្រនៃពិភពបាល់ទាត់។ ទាំងនៅជាកីឡាករ និងជាអ្នកចាត់ការទូទៅ រូបគាត់បានជួយឲ្យ Real Madrid ឈ្នះពានបន្តបន្ទាប់។ ថ្លែងតែក្នុងអាជីពជាគ្រូបង្វឹកជាមួយក្លិបរហស្សនាមអធិរាជស គាត់បានត្រូវតែងតាំងដំបូងនៅក្នុងឆ្នាំ ១៩៩៤ , លើកទី ២ ក្នុងឆ្នាំ ១៩៩៦ និងលើកចុងក្រោយពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៣ ។

ក្នុងរជ្ជកាលដឹកនាំរបស់គាត់ ក្លិបយក្សអេស្ប៉ាញខាងលើបានឈ្នះពានផ្លូវការសរុប ៨ មានដូចជា លីគកំពូល (La Liga) ២ សម័យកាល , អេស្ប៉ាញខាប់ ២ សម័យកាល , UEFA Champions League ២ , UEFA Super Cup និងពានពិភពលោក Intercontinental Cup ។

នារដូវកាលចុងក្រោយជាមួយ Real Madrid លោកបានជួយក្លិបរក្សាតំណែងជើងឯកលីគ ប៉ុន្តែនារដូវកាលបន្ទាប់ថ្នាក់ដឹកនាំក្លិបបានស្នើឲ្យលោកផ្លាស់ប្តូរទៅកាន់តំណែងជានាយកបច្ចេកទេសក្លិបវិញ ប៉ុន្តែរូបលោកបានបដិសេធសំណើនេះ ហើយបានដើរចេញតែម្តង។

យ៉ាងណាក៏ដោយ! យើងក៏មិនភ្លេចស្នាដៃសំខាន់របស់លោកជាមួយជម្រើសជាតិអេស្ប៉ាញ ពោលគឺជួយឲ្យឈ្នះពានពិភពលោក FIFA World Cup ឆ្នាំ ២០១០ និងពានទ្វីបអឺរ៉ុប UEFA Euro ឆ្នាំ ២០១២ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628