បាល់ទាត់

United City ផ្តល់កិច្ចសន្យាបងប្អូនកូនកាត់ហ្វីលីពីន-អាល្លឺម៉ង់ ២ នាក់សាជាថ្មី

អតីក្លិប Ceres Negros FC សមាជិកនៃលីគកំពូលហ្វីលីពីន ដែលទើបប្តូរឈ្មោះមកជា United City FC បានប្រកាសចុះកិច្ចសន្យាលើកដំបូង ដោយបាននាំយកអតីតកីឡាករធ្លាប់លេងនៅក្លិបស្រាប់ និងជាបងប្អូនបង្កើតកូនកាត់ហ្វីលីពីន-អាល្លឺម៉ង់ទាំង ២ នាក់រួមមាន Manuel Ott និង Mike Ott 

ក្លិបដែលទើបផ្លាស់ប្តូរឈ្មោះ ដោយសារមានម្ចាស់ភាគហ៊ុនថ្មីចូលមកដឹកនាំខាងលើបានប្រកាសពីម្សិលមិញក្នុងការផ្តល់កិច្ចសន្យាដល់ខ្សែបម្រើបងប្អូនកូនកាត់ហ្វីលីពីន-អាល្លឺម៉ង់ទាំង ២ នាក់។

Manuel Ott គឺជាបងមានវ័យ ២៨ ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើ ដោយធ្លាប់ចូលរួមជាមួយក្លិបនេះតាំងពីនៅឈ្មោះចាស់ Ceres Negros FC ពីចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ មុនធ្វើការផ្ទេរទៅលេងឲ្យក្លិប Ratchaburi Mitr Phol នៅលីគកំពូលថៃ កាលពីរដូវកាលមុន ២០១៩ ខណៈឆ្នាំថ្មី ២០២០ បានសម្រេចផ្ទេរមកចូលរួម United City FC សាជាថ្មី។

ចំណែកប្អូន Mike Ott គឺមានវ័យ ២៥ ឆ្នាំ និងលេងក្នុងតំណែងខ្សែបម្រើដូចគ្នា។ កាលពិតកីឡាកររូបនេះបានស្នាក់នៅជាមួយ Ceres Negros FC ស្រាប់តាំងពីឆ្នាំ ២០១៨ ប៉ុន្តែកាលពីដើមឆ្នាំ ២០២០ បានផ្តាច់កិច្ចសន្យាម្តងដោយសារក្លិបកំពុងជួបវិបត្តិសេដ្ឋកិច្ច (ពុំមានលទ្ធភាពផ្តល់ប្រាក់ឈ្នួល) តែពេលនេះបានចុះកិច្ចសន្យាជាកីឡាករពេញសិទ្ធិម្តងទៀត។

គួរឲ្យដឹងផងថា បងប្អូនខ្សែបម្រើទាំងទ្វេខាងលើបានកើតនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងធំធាត់នៅក្នុងទ្វីបអឺរ៉ុប ដោយធ្លាប់បានបណ្តុះបណ្តាលដោយក្លិបអាល្លឺម៉ង់ ក៏ធ្លាប់លេងនៅលីគក្រោមៗ ក្នុងប្រទេសមួយនេះកន្លងមក មុនដល់ការផ្ទេរមកប្រទេសហ្វីលីពីន។ យ៉ាងណា! បច្ចុប្បន្នភាពពួកគេបានលេងឲ្យក្រុមជម្រើសជាតិហ្វីលីពីនផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628