បាល់ទាត់

AFC អនុញ្ញាតឲ្យក្លិបលេងពាន ACL និង AFC Cup អាចផ្លាស់ប្តូរកីឡាករសាជាថ្មី

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានបើកការអនុញ្ញាតឲ្យបណ្តាក្លិប ដែលបង្ហាញវត្តមានក្នុងពានរង្វាន់កម្រិតទ្វីបទាំងពីរ AFC Champions League (ACL) និង AFC Cup មានសិទ្ធិផ្លាស់ប្តូរសមាសភាពកីឡាករ និងចុះបញ្ជីសាជាថ្មី ក្រោយពីឈប់សម្រាកការប្រកួតមួយរយៈដោយសារបញ្ហាវិបត្តិសាកល COVID-19 ។

សេចក្តីប្រកាសបានបង្ហាញឲ្យដឹងថា សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) អនុញ្ញាតចំពោះក្លិប ដែលមានវត្តមានក្នុងពានកម្រិតទ្វីបទាំងទ្វេខាងលើ អាចផ្លាស់ប្តូរសមាសភាពកីឡាករ និងចុះបញ្ជីឈ្មោះសាជាថ្មី ដោយកំណត់ទទួលពាក្យថ្មីត្រឹមថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ផងថា ក្រោយផ្ទុះរាលដាលនៃជំងឺ COVID-19 សកម្មភាពបាល់ទាត់នៃពានរង្វាន់ទាំងពីរ បានសម្រេចផ្អាកពន្យាពេលបណ្តោះអាសន្ន ខណៈតាមកាលវិភាគថ្មីគ្រោងនឹងដំណើរការវិញចន្លោះពីចុងខែកញ្ញា ខាងមុខតទៅ។

ចំណែកក្លិបកម្ពុជា ដែលចូលរួមនោះគឺជើងឯកលីគកំពូលកម្ពុជាឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង ដោយស្ថិតនៅក្នុងពូល G ក្នុងពានកម្រិតទី ២ AFC Cup ខណៈឆ្លងកាត់ ៣ ប្រកួតក្នុងជើងទី ១ កន្លងមកបានកំពុងឈរលេខរៀងទី ៣ បណ្តោះអាសន្ន ដោយធ្លាប់បានឈ្នះលើ Bali Unitec (ឥណ្ឌូនេស៊ី) ១ លើក ខណៈចាញ់ ២ លើកក្រោមថ្វីជើង United City (ហ្វីលីពីន) និង Than Quang Ninh (វៀតណាម) ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628