បាល់ទាត់

កូនកាត់ន័រវេសរូបនេះប្រកាសចង់លេងឲ្យក្រុមជម្រើសជាតិថៃ ប្រសិនបើមានឱកាស!

យុវជនមានសមត្ថភាព និងកំពុងប្រកបអាជីពនៅក្នុងក្របខណ្ឌលីគកំពូលន័រវេស Nicholas Mickelson បានប្រកាសថាខ្លួនមានចេតនាចង់ចូលរួមជាមួយក្រុមជម្រើសជាតិថៃ ប្រសិនបើមានឱកាស ខណៈរូបគេក៏ជាប់សាច់ឈាមជាកូនកាត់ន័វេស-ថៃ ផងដែរ។

Nicholas Mickelson កើតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ១៩៩៩ មកទល់ពេលនេះមានអាយុទើប ២១ ឆ្នាំប៉ុណ្ណោះ តែមានកម្ពស់ដល់ ១.៨៥ ម៉ែត្រ។ រូបគេលេងក្នុងតំណែងខ្សែការពារកណ្តាល ដោយបច្ចុប្បន្នភាពកំពុងមានកិច្ចសន្យាជាមួយក្លិប Stromsgodset IF សមាជិកនៃក្របខណ្ឌលីគកំពូលន័រវេស។ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ កីឡាកររូបនេះបានលេងឲ្យក្លិប HamKam ក្នុងក្របខណ្ឌលីគលំដាប់ទី ២ ន័វេស ប៉ុន្តែបានផ្ទេរមកក្លិប Stromsgodset IF កាលពីឆ្នាំមុន ២០១៩ ។

កីឡាករឈ្មោះពេញ Look Saa Nicholas Kengkhetkid Mickelson ខាងលើ មានឪពុកជាជនជាតិន័រវេសផ្ទាល់ តែមានម្តាយជាជនជាតិថៃ។ បានកើត និងធំធាត់នៅទឹកដីប្រទេសនាតំបន់អឺរ៉ុបខាងជើងមួយនេះតាំងតែពីតូច ព្រមទាំងធ្លាប់ជាប់ជម្រើសជាតិន័រវេសឈុតតូចរួមមាន U15 , U17 , U18 , U19 , U21 រួមផង។

ក្រោយខនខានពីក្រុមជម្រើសជាតិន័វេស រូបគេបានចេញមុខប្រកាសចង់ចូលរួមលេងឲ្យក្រុមជម្រើសជាតិដំរីសឹកថៃ ប្រសិនបើមានឱកាស ឬការកោះហៅពីសមាគមបាល់ទាត់ថៃ (FAT) នាពេលអនាគត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628