បាល់ទាត់

មកដឹងតម្លៃប្រាក់ឈ្នួលប្រចាំឆ្នាំរបស់គ្រូ Juventus ថ្មី តិចជាង Ronaldo ជិត ២០ ដង

ក្លិបសេះបង្កង់ដ្បិតរក្សាការពារតំណែងជើងឯកលីគកំពូលអ៊ីតាលី (Serie A) ប៉ុន្តែបានធ្វើការផ្លាស់ប្តូរតំណែងអ្នកចាត់ការទូទៅ ដោយដកលោក Maurizio Sarri ចេញជំនួសមកវិញដោយវិរៈបុរសក្លិបលោក Andrea Pirlo ចុះប្រាក់ឈ្នួលក្នុងអាជីពជាអ្នកដឹកនាំលើកដំបូងរបស់អតីតខ្សែបម្រើរូបនេះទទួលបានប៉ុន្មាន?

តាមការចេញផ្សាយរបស់ការសែតធំៗ ពីតំបន់អឺរ៉ុបផ្ទាល់លោក Andrea Pirlo ទទួលបានប្រាក់ឈ្នួលគោលពីក្លិប Juventus ប្រចាំឆ្នាំគឺ ១.៦ លានផោន ឬស្មើប្រមាណជាង ២ លានដុល្លារ។ ចំនួននេះបើប្រៀបធៀបនឹងសមាជិកក្នុងក្លិបរហស្សនាមសេះបង្កង់ទាំងមូល ហាក់ដូចជានៅមានកម្រិតទាបនៅឡើយ ជាពិសេសគឺដាច់ឆ្ងាយពីកីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេប្រចាំក្លិប Cristiano Ronaldo ដល់ទៅជិត ២០ ដងឯណោះ។

ចំពោះកីឡាករម្ចាស់ពាន Ballon d’Or ៥ សម័យកាលរូបនេះទទួលបានប្រាក់ឈ្នួលគោលដល់ទៅ ២៨ លានផោន ឬស្មើប្រមាណជាង ៣៦ លានដុល្លារក្នុងមួយឆ្នាំពី Juventus ។ ចំណែកកីឡាករប្រាក់ឈ្នួលលំដាប់ទី ២ របស់ក្លិបគឺយុវជន Matthijs De Ligt ដែលទទួលបាន ៧.២ លានផោន ឬស្មើប្រមាណ  ៩.៣ លានដុល្លារក្នុងមួយឆ្នាំ និងតាមពីក្រោយដោយលំដាប់ទី ៣ គឺខ្សែប្រយុទ្ធវ័យចាស់ Gonzalo Higuain ៦.៧ លានផោន ឬស្មើប្រមាណ ៨.៨ លានដុល្លារក្នុងមួយឆ្នាំ។

យ៉ាងណា! ចំពោះប្រាក់ឈ្នួលរបស់លោក Andrea Pirlo ក្នុងអាជីពជាអ្នកចាត់ការទូទៅលើកដំបូងនេះ បានឈរពីលើកីឡាករ ៣ រូបប៉ុណ្ណោះរួមមាន Marih Demiral ១.៦ លានផោន ឬស្មើប្រមាណជាង ២ លានដុល្លារ , Gianluigi Buffon  ១.៣ លានផោន ឬស្មើប្រមាណជាង ១.៦ លានដុល្លារ និង Carlo Pinsoglio ២ សែនផោន ឬស្មើប្រមាណ ២.៦ សែនដុល្លារ។

កំណត់សម្គាល់៖

ទី១ . ស្ថិតិខាងលើគឺប្រៀបធៀបតែចំនួនប្រាក់ឈ្នួលពលកម្មគោលប្រចាំឆ្នាំប៉ុណ្ណោះ

ទី២ . ស្ថិតិខាងលើគឺប្រៀបធៀបតែចំនួនប្រាក់ឈ្នួលពលកម្មគោលក្នុងរដូវកាល ២០១៩/២០២០ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628