បាល់ទាត់

មកអានរឿង ៥ យ៉ាងពីគ្រូបង្វឹកវ័យក្មេងជួយ Leipzig ឡើងវគ្គ Semi-Final ពាន UCL

លោក Julian Negelsmann អ្នកចាត់ការទូទៅរបស់ក្លិប RB Leipzig បានបង្កការភ្ញាក់ផ្អើលកាន់តែគួរឲ្យចាប់អារម្មណ៍ ក្រោយពីផ្ទួលលើជើងខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានទ្វីបអឺរ៉ុប UEFA Champions League ។

អ្វីកាន់តែសំខាន់គឺបុរសអ្នកចាត់ការទូទៅរូបនេះទើបតែមានវ័យ ៣៣ ឆ្នាំប៉ុណ្ណោះ ព្រមទាំងត្រូវបានគេផ្តល់រហស្សនាមជាជា The Baby Mourinho ឬ The Baby Special One 

ខាងក្រោមគឺជារឿងរ៉ាវ ៥ យ៉ាងរបស់លោក Julian Nagelsmann ដែលក្រុមការងារវេហានឹងផ្តល់ជូនប្រិយមិត្តឲ្យបានជ្រាប៖

 

១. អ្នកចាត់ការទូទៅវ័យក្មេងបំផុត

នៅក្នុងឆ្នាំ ២០១៦ បុរសជនជាតិអាល្លឺម៉ង់ខាងលើបានបំបែកកំណត់ត្រាជាអ្នកចាត់ការទូទៅ ឬគ្រូបង្វឹកវ័យក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ (Bundesliga) ចាប់តាំងពីបង្កើតឡើងមក។ ក្នុងខែកុម្ភៈ ឆ្នាំនោះ លោកមានអាយុត្រឹម ២៨ ឆ្នាំត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លិប 1899 Hoffenheim ជំនួសកៅអីលោក Huub Stevens ដែលបានដកខ្លួនចេញភ្លាមៗ ដោយសារបញ្ហាសុខភាព និងបញ្ចូនទៅសម្រាកនៅមន្ទីរពេទ្យ។

 

២. បញ្ចប់អាជីពជាកីឡាករត្រឹមអាយុ ២០ ឆ្នាំ

បុរសកម្ពស់ ១.៩០ ម៉ែត្រខាងលើ ធ្លាប់ជាកីឡាករអាជីពដោយលេងក្នុងតំណែងខ្សែការពារកណ្តាល។ រូបគាត់កើតចេញពីថ្នាល់យុវជនក្លិប 1860 Munich FC (បច្ចុប្បន្នស្ថិតនៅលីគលំដាប់ទី ៥ អាល្លឺម៉ង់) និងបានផ្ទេរមកកាន់ក្លិប FC Augsburg ក្នុងឆ្នាំ ២០០៧ ប៉ុន្តែជាអកុសលក្នុងឆ្នាំនោះដដែល រូបលោកបានជួបប្រទះរបួសសសៃជង្គង់ធ្ងន់ធ្ងរ រហូតដល់សម្រេចចិត្តចូលនិវត្តន៍ត្រឹមអាយុ ២០ ឆ្នាំប៉ុណ្ណោះ ព្រោះតាមការណែនាំរបស់វេជ្ជបណ្ឌិត។

 

៣. បណ្តុះបណ្តាលដោយលោក Thomas Tuchel 

ប្រិយមិត្តប្រហែលជាមិនចាប់អារម្មណ៍នោះទេថា លោក Thomas Tuchel និងលោក Julian Nagelsmann ធ្លាប់ធ្វើការជាមួយគ្នាក្នុងនាមជាគ្រូ និងសិស្សដ៏ជិតស្និទមួយរូប កាលពីនៅក្លិប FC Augsburg ។ គ្រានោះលោក Thomas Tuchel ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិបមួយនេះក្នុងឆ្នាំ ២០០៧-២០០៨ ក្រោយដឹងពីការរងរបួសរបស់លោក Julian Nagelsmann ដោយសម្រេចចិត្តចូលនិវត្តន៍ទាំងវ័យក្មេង លោកក៏បានព្យាយាមលើកទឹកចិត្ត ណែនាំ និងជំរុញឲ្យធ្វើជាអ្នកអង្កេតទម្រង់លេង ព្រមទាំងវិវត្តន៍ខ្លួនទៅជាអ្នកតាមដានកីឡាករឲ្យក្លិបផងដែរ។ នេះជាមូលហេតុចម្បងមួយរុញច្រានឲ្យលោក Julian Nagelsmann អាចបន្តអាជីពជាគ្រូបង្វឹកទល់សព្វថ្ងៃ។ យ៉ាងណា! ពួកគេទាំងពីរនាក់នឹងត្រូវជួបគ្នាម្តងទៀត ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League រវាង RB Leipzig តទល់នឹង Paris Saint-Germian នាប៉ុន្មានថ្ងៃខាងមុខ។

 

៤. ការដឹកនាំហ្វឹកហាត់ដ៏ប្លែក

ក្នុងអាជីពជាអ្នកចាត់ការទូទៅក្លិបលើកដំបូងនៅ 1899 Hoffenheim ក្នុងពេលមួយនេះ រូបគាត់បានស្នើឲ្យក្លិបរៀបចំប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយអភិវឌ្ឍន៍ទម្រង់លេងដល់ក្លិបដូចជាការចាក់បញ្ចាំងផ្ទាំងនៃការប្រកួត និងទម្រង់លេងធំៗ ក្នុងទីលានហ្វឹកហាត់របស់ក្លិបដើម្បីតាមដាន និងវិភាគពីដៃគូប្រកួត ការរៀបចំឲ្យមានដ្រូនហោះពីលើដើម្បីពិនិត្យមើល និងទម្រង់លេងជាក្រុម…។ល។

 

៥. កំណត់ត្រាសំខាន់ៗ

គិតមកដល់ពេលនេះរូបគាត់ទើបមានអាយុ ៣៣ ឆ្នាំ និងមានបទពិសោធន៍ដឹកនាំក្លិបសរុបត្រឹម ៥ ឆ្នាំបានបង្កើតកំណត់ត្រាសំខាន់ៗ ដូចជា៖

  • ជួយឲ្យក្លិប 1899 Hoffenheim មានឈ្មោះលេងក្នុងពានរង្វាន់កម្រិតទ្វីបអឺរ៉ុបលំដាប់កំពូល UEFA Champions League លើកដំបូងជាប្រវត្តិសាស្ត្រក្លិប
  • ជាអ្នកចាត់ការទូទៅវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជួយឲ្យក្លិបឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់កម្រិតទ្វីបអឺរ៉ុប UEFA Champions League & UEFA Europa League ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628