បាល់ទាត់

Jordi Cruyff ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីនៃក្លិប Shenzhen FC ក្នុងលីគកំពូលចិន

លោក Jordi Cruyff ត្រូវបានអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មី ក្នុងតំណែងជាគ្រូបង្គោលប្រចាំក្លិប Shenzhen FC សមាជិកនៃលីគកំពូលចិន ក្រោយពីក្លិបនេះប្រកាសដកតំណែងលោក Roberto Donadoni បន្ទាប់ពីដឹកនាំប៉ុន្មានប្រកួដំបូងបើកឆាកលីគមិនបានលទ្ធផលល្អ។

តាមការប្រកាសជាផ្លូវការរបស់ក្លិបខាងលើ បានសម្រេចតែងតាំងអតីតកីឡាកររបស់ក្លិបធំៗ នៅតំបន់អឺរ៉ុបរួមមាន Manchester United, FC Barcelona, Espanyol… និងជាកូនប្រុសបង្កើតរបស់លោក Johan Cruyff ពោលគឺលោក Jordi Cruyff ឲ្យមានដឹកនាំក្លិបឈុតធំពួកគេ។

យ៉ាងណាក្តី! បច្ចុប្បន្នដ្បិតរូបគាត់បានហោះហើរទៅដល់ប្រទេសចិន ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ២ សប្តាហ៍ជាមុនសិន ដើម្បីបង្ការជំងឺ COVID-19 ។ តាមគម្រោងលោក Jordi Cruyff នឹងចូលដឹកនាំក្លិប Shenzhen FC ផ្លូវការនាដើមខែក្រោយ។

គួរបញ្ជាក់ផងថា បុរសមានវ័យ ៤៦ ឆ្នាំខាងលើកាលពីចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ក៏ធ្លាប់បានដឹកនាំក្លិបលីគកំពូលចិនម្តងរួចហើយជាមួយក្លិប Chongqing Dangdai Lifan FC មុនចាកចេញ។ បន្ទាប់មកកាលពីដើមឆ្នាំ ២០២០ នេះផ្ទាល់ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិអេកាទ័រ នាទ្វីបអាមេរិកឡាទីន (អាមេរិកខាងត្បូង) ប៉ុន្តែដោយសារជំងឺរាតត្បាតសាកល COVID-19 បានឲ្យរូបគាត់សម្រេចចិត្តលាឈប់ពីតំណែងមកវិញ ទាំងពុំដែលបានដឹកនាំប្រកួតសូម្បីមួយលើក។

ក្រឡេកមកមើលក្លិប Shenzhen FC វិញក្រោមការដឹកនាំ ៤ ប្រកួតដំបូងក្នុងលីគកំពូលចិនរដូវកាល ២០២០ របស់លោក Roberto Donadoni អតីតគ្រូបង្វឹក និងជាអតីតគ្រូបង្វឹកក្លិប Napoli និងជម្រើសជាតិអ៊ីតាលី បានឈ្នះតែ ១ លើក និងចាញ់ ៣ លើកទើបក្លិបសម្រេចដកតំណែងជំនួសដោយលោក Jordi Cruyff នេះឯង៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628