បាល់ទាត់

John Obi Mikel បង្ហើបគម្រោងត្រឡប់មកលេងនៅ Premier League សាជាថ្មី

អតីតកីឡាករ និងជាវីរៈបុរសរបស់ក្លិបតោខៀវ Chelsea ពោលគឺ John Obi Mikel បង្ហើបសញ្ញាណវិលត្រឡប់មកលេងនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League) សាជាថ្មី សម្រាប់រដូវកាលបន្ទាប់ ២០២០/២០២១ ។

កីឡាករជម្រើសជាតិនីហ្សេរីយ៉ា វ័យ ៣៣ ឆ្នាំខាងលើបច្ចុប្បន្នភាពកំពុងជាកីឡាករគ្មានតម្លៃខ្លួន (Free Agent) បន្ទាប់ចាកចេញពីក្លិប Trabzonspor នៃលីគកំពូលទួរគី ក្រោយពីរួមចំណែកបាន ១ រដូវកាល ដោយបង្ហាញខ្លួន ២៣ លើក និងជួយក្លិបលើកពានខាប់មួយផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC Sport កីឡាករ John Obi Mikel បានបង្ហើបឲ្យដឹងថាដូចតទៅ៖

៉ ជាការពិត! គឺពេលនេះខ្ញុំទទួលបានសំណើពីក្លិបមួយនៅក្នុងលីគកំពូលអង់គ្លេស ហើយប្រសិនមានឱកាស ខ្ញុំនឹងទៅចូលរួមជាមួយពួកគេ។ ខណៈពេលនេះខ្ញុំកំពុងចរចារជាមួយពួកគេជាមុនសិន ដូច្នេះមានតែការរង់ចាំ និងមើលជាក់ស្តែង។  ៉ 

ដ្បិតមានការបង្ហើបពីក្លិបចង់បានខាងលើនៅអង់គ្លេស ប៉ុន្តែរូបគាត់មិនបានបង្ហាញឈ្មោះក្លិបនោះទេ ទន្ទឹមនឹងនោះក៏បានបង្ហើបបន្ថែមថាមានក្លិបនៅលីគកំពូលប្រេស៊ីលមួយចំនួនទាក់ទងផងដែរ ដែលទាំងនេះកំពុងស្ថិតនៅក្នុងដំណាក់ការចរចារលក្ខខណ្ឌជាមុនសិន។

រំលឹកទៅអតីតកាលបន្តិចវិញ! John Obi Mikel បានធ្លាប់មកចូលរួមជាមួយតោខៀវ Chelsea ១១ រដូវកាល ពោលតាំងពីឆ្នាំ ២០០៦ រហូតដល់ដាច់ឆ្នាំ ២០១៦ ដោយធ្លាប់រួមចំណែកលើកពាន Premier League ២ សម័យកាល, Fa Cup ៣ សម័យកាល, EFL Cup ១ សម័យកាល និងពានកម្រិតទ្វីប UEFA Champions League ១ លើក , UEFA Europa League ១ លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628