បាល់ទាត់

កីឡាករជប៉ុនទី ២ ក្នុងខែនេះរបស់ក្លិប FC Tokyo ផ្ទេរចេញទៅលេងលីគតំបន់អឺរ៉ុប

ខ្សែការពារស្លាបឆ្វេងនៃក្រុមជម្រើសជាតិជប៉ុនសព្វថ្ងៃ Sei Muroya ត្រូវបានប្រកាសជាផ្លូវការចាកចេញពីលីគកំពូលក្នុងស្រុកខ្លួន ត្រៀមខ្លួនទៅលេងនៅក្របខណ្ឌលីគលំដាប់ទី ២ ប្រទេសអាល្លឺម៉ង់ជាមួយក្លិប Hanover 96 ។ 

ការប្រកាសផ្ទេររវាងក្លិបទាំងសងខាងលើបណ្តាញសង្គមរួចរាល់ ដូច្នេះមានន័យថាកីឡាករវ័យ ២៦ ឆ្នាំរូបនេះ នឹងក្លាយជាសមាជិកមួយរូបរបស់ក្លិប Hannover 96 ត្រៀមប្រកួតប្រជែងក្របខណ្ឌលីគលំដាប់ទី ២ អាល្លឺម៉ង់ ដែលគ្រោងនឹងបើកដំណើរការរដូវកាលថ្មី ២០២០/២០២១ នាកំឡុងខែកកញ្ញា ខាងមុខ។

Sei Muroya តាំងពីយុវជនថ្នាល់មកទល់បច្ចុប្បន្នគឺលេងឲ្យក្លិបជើងខ្លាំងនៃលីគកំពូលជប៉ុន FC Tokyo ខណៈរដូវកាលមុន ២០១៩ បានជាប់ឈ្មោះជាជម្រើស ១១ នាក់ល្អប្រចាំរដូវកាលផងដែរ។ កន្លងមកក្នុងក្រុមជម្រើសជាតិសាមូរ៉ៃជប៉ុន ធ្លាប់រួមចំណែកឈុត U23 លើកពាន AFC U23 Championship ឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា គិតក្នុងរដូវកាលដោះដូរកីឡាករទីផ្សារអឺរ៉ុបរយៈពេលនេះ FC Tokyo បានបញ្ចេញកីឡាករជប៉ុនចំនួន ២ រូបទៅកាន់តំបន់អឺរ៉ុប ខណៈលើកដំបូងគឺខ្សែបម្រើការពារ Kento Hashimoto ដែលទើបប្រកាសផ្ទេរទៅកាន់ក្លិប FC Rostov នៃលីគកំពូលរុស្សី កាលពីដើមខែកន្លងមក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628