បាល់ទាត់

ខ្សែបម្រើកូរ៉េខាងត្បូងរូបនេះផ្ទេរពីលីគសហរដ្ឋអាមេរិក មកកាន់លីគកំពូលរុស្សី

ខ្សែបម្រើនៃក្រុមជម្រើសជាតិកូរ៉េខាងត្បូងពោលគឺកីឡាករ Hwang In-Beom បានសម្រេចជោគជ័យការផ្ទេរចេញពីក្លិបលីគកំពូលសហរដ្ឋអាមេរិក មកកាន់ក្លិបនៅលីគកំពូលរុស្សីត្រៀមរដូវកាលថ្មី ២០២០/២០២១ ។ 

កីឡាករវ័យទើប ២៣ ឆ្នាំខាងលើ បានសម្រេចផ្ទេរចេញពីក្លិបមានមូលដ្ឋានក្នុងប្រទេសកាណាដា Vancouver Whitecaps FC (តែលេងក្នុងក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក) បន្ទាប់ពីបានចូលរួមរយៈពេល ១ រដូវកាលកន្លះ ២០១៩ និង ២០២០ ដោយបង្ហាញខ្លួនសរុប ៤១ លើក។

គួររំលឹកផងថា Hwang In-Beom ចាប់ផ្តើមលេងបាល់ទាត់ និងបណ្តុះបណ្តាលដោយក្លិប Daejeon Citizen (បច្ចុប្បន្ននៅលីគលំដាប់ទី ២ កូរ៉េខាងត្បូង) ដោយលេងឲ្យក្លិបនេះរយៈពេល ៤ ឆ្នាំមុនសម្រេចដល់ការផ្ទេរទៅក្លិបកាណាដាខាងលើ។ កីឡាករកម្ពស់ ១.៧៧ ម៉ែត្ររូបនេះ ក៏ជាសមាជិករួមចំណែកជួយជម្រើសជាតិកូរ៉េខាងត្បូងឈ្នះមេដាយមាសព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០១៨ និងជាម្ចាស់ជើងឯកតំបន់អាស៊ីខាងកើតឆ្នាំ ២០១៩ ផងដែរ។

ដូច្នេះចាប់ពីរដូវកាលថ្មី ២០២០/២០២១ តទៅរូបគេនឹងផ្ទេរមកលេងឲ្យក្លិប Rubin Kazan សមាជិកនៃក្របខណ្ឌលីគកំពូលរុស្សី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628