កីឡាជាតិ

ពានរង្វាន់បាល់ទាត់កុមារអាយុក្រោម១០ឆ្នាំជាមួយរូបមន្តប្លែក បង្កើតឡើងនៅខេត្តសៀមរាប

ពានរង្វាន់បាល់ទាត់បែបឯកត្តជនកុមារដំបូងគេជាមួយរូបមន្ត​នៃការប្រកួតប្លែក ត្រូវបានប្រកាសបង្កើតឡើងនៅក្នុងខេត្តសៀមរាប ដើម្បីផ្តល់ឱកាសនៃការលេង និងការជំរុញទឹកចិត្តចំពោះការស្រលាញ់កីឡាដល់ក្មេងៗ ក្រោមអាយុ ១០ ឆ្នាំ ។ ពានរង្វាន់មួយនេះមានឈ្មោះថា ” SIEM REAP BABY LEAGUE   ៉ ដែលបានរៀបចំដោយក្លិបបាល់ទាត់ សៀមរាប យូណាយធីត។

ដើម្បីជាការជំរុញទឹកចិត្តកុមារៗ ឲ្យងាកមកចាប់អារម្មណ៍ស្រលាញ់ការលេងកីឡា ដើម្បីពង្រឹងសុខភាព ការបង្កើតទំនាក់ទំនងរវាងគ្នា និងគ្នា ការអភិវឌ្ឍទាំងសមត្ថភាពកីឡា ក៏ដូចជាផ្នត់គំនិតវិជ្ជមានចំពោះកីឡា… ជាដើម បានជំរុញឲ្យក្លិបបាល់ទាត់ សៀមរាប យូណាយធីត សម្រេចបង្កើតនូវពានរង្វាន់ខាងលើ។ បន្ថែមពីនេះក៏ជាកត្តាមួយក្នុងការជួយទាញយកពេលវេលារបស់កុមារៗ ដែលចូលចិត្តចំណាយពេលវេលាទៅលើឧបករណ៍អេឡិចត្រូនិកហួសកម្រិតផងដែរ។

ពានរង្វាន់ SIEM REAP BABY LEAGUE គ្រោងនឹងចាប់ផ្តើមដំណើរការនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ខាងមុខ ដោយឡែកបច្ចុប្បន្នបានបើកការទទួលចុះឈ្មោះជាបន្តបន្ទាប់។ ចំពោះលក្ខខណ្ឌនៃការចូលរួមបានកំណត់ឡើងដោយមានលក្ខណៈងាយៗ ដូចជា៖

  • ចូលរួមបានទាំងកុមារា និងកុមារី
  • ចូលរួមបានចំពោះកុមារគ្រប់សញ្ជាតិ
  • មិនតម្រូវឲ្យមានក្រុមនោះទេ ប៉ុន្តែកុមារនឹងទទួលបានឱកាសលេងជាមួយកុមារដទៃគ្រប់ៗគ្នា
  • បែងចែកជា ៣ កម្រិតអាយុមាន ក្រោម ៥ ឆ្នាំ (U-5), ក្រោម ៧ ឆ្នាំ (U-7) និងក្រោម ៩ ឆ្នាំ (U-9)
  • រយៈពេលប្រកួត ៖ ១២ សប្តាហ៍, រៀងរាល់ថ្ងៃអាទិត្យ, ម៉ោង ៤:០០ រសៀល
  • មានការដឹកនាំ និងគ្រប់គ្រងលើទីលានដោយគ្រូមានបទពិសោធន៍ទាំងជនជាតិខ្មែរ និងបរទេស។

ចំពោះដំណើរការរៀបចំប្រកួតនឹងរៀបចំនៅលើទីលានបាល់ទាត់ក្នុងបរិវេណកីឡដ្ឋាន អេស អរ យូ ក្នុងខេត្តសៀមរាបផ្ទាល់តែម្តង ដែលជាទីលានមានស្តង់ដារ និងធានានូវសុវត្ថិភាពចំពោះកុមារ។

ភាពប្លែកពីគេមួយនៃពានរង្វាន់នេះ គឺរូបមន្តនៃការប្រកួតបែបឯកត្តជនដូចជា៖

  • កុមារនីមួយៗ ចូលរួមមិនចាំបាច់មានក្រុមផ្ទាល់ខ្លួនទេ ប៉ុន្តែពួកគេនឹងត្រូវក្រុមការងារធ្វើការបែងចែកក្រុមថ្មីៗ រៀងរាល់ ១ សប្តាហ៍ម្តងនៃការប្រកួត។
  • កម្រិតអាយុក្រោម ៥ ឆ្នាំ (លេង ៣ ទល់ ៣) , កម្រិតអាយុក្រោម ៧ ឆ្នាំ (លេង ៤ ទល់ ៤) និងកម្រិតអាយុក្រោម ៩ ឆ្នាំ (លេង ៤ ទល់ ៤)
  • ក្រុមដែលទទួលបានជ័យជម្នះ នឹងផ្តល់ពិន្ទុជារួមដល់សមាជិកក្រុមទាំងមូល៖
    • ក្រុមដែលទទួលបានជ័យជម្នះ សមាជិកនីមួយៗ ទទួលបាន ៣ ពិន្ទុ
    • ក្រុមដែលទទួលបានជ័យជម្នះ សមាជិកនីមួយៗ ទទួលបានពិន្ទុបន្ថែមដូចចំនួនគ្រាប់បាល់ ដែលក្រុមទាំងមូលរកបាន
    • ក្រុមដែលរងបរាជ័យ សមាជិកនីមួយៗ ទទួលបានពិន្ទុបន្ថែមដូចចំនួនគ្រាប់បាល់ ដែលក្រុមទាំងមូលរកបាន
    • កីឡាករនីមួយៗ នឹងត្រូវសន្សំពិន្ទុរហូតដល់ប្រកួតសប្តាហ៍ចុងក្រោយ ចំពោះកុមារមានពិន្ទុច្រើនជាងគេក្លាយជាម្ចាស់ជ័យលាភី។
    • ការផ្តល់ពានរង្វាន់តាមកម្រិតនីមួយៗ ដាច់ដោយឡែកពីគ្នា ប៉ុន្តែកុមារនឹងទទួលបានគ្រប់គ្នា
    • ការផ្តល់ពានរង្វាន់មានដូចជាៈ
      • ពានមាស
      • ពានប្រាក់
      • ពានសំរិទ្ធ
      • មេដាយ
      • បណ្ណសរសើរចំពោះការចូលរួម។

បន្ថែមពីព័ត៌មានខាងលើ ប្រសិនបើប្រិយមិត្ត ឬអាណាព្យាបាលមានការចាប់អារម្មណ៍អាចធ្វើការទាក់ទងផ្ទាល់ដូចព័ត៌មាននៅក្នុងរូបភាពខាងក្រោម ឬចុចទីនេះដើម្បីចូលទៅកាន់គេហទំព័របណ្តាញសង្គមនៃពា​នរង្វាន់៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628