បាល់ទាត់

ត្រៀមកម្លាំងប៉ះក្រុមកំពូល​តារាង​លីគ​ នាគខៀវបឹង​កេត​ដឹកចុងភៅផ្ទាល់ខ្លួនពី​ភ្នំពេញ​ទៅ​ធ្វើម្ហូបប៉ូវកីឡាករដល់ស្វាយរៀង

ក្លិបបាល់ទាត់បឹង​កេត​បាន​ធ្វើ​ដំណើរ​ដល់​ខេត្តស្វាយរៀង​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ខែសីហាឆ្នាំ២០២០​នេះ ​ដើម្បី​ទៅ​សួរ​សុខទុក្ខ​ក្រុម​ម្ចាស់​ផ្ទះ​ ដែល​កំពុងឈរកំពូលតារាងលីគ​កំពូល​កម្ពុជា ព្រះខ័នរាជស្វាយរៀង​នៅ​កីឡដ្ឋានខេត្តស្វាយរៀង​ផ្ទាល់​តែ​ម្ដង​ក្នុង​សប្ដាហ៍​ទី​១៣ ខណៈ​ដែលក្រុម​ទាំងពីរ​ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​សីហាឆ្នាំ​២០២០​ស្អែកនេះ។

ជំនួប​ក្រុម​ទាំង​ពីរ​គឺ​ជា​ជំនួប​ដែល​ក្រុម​មួយ​ឈ្នះ​នោះ ​នឹង​ឡើង​ទៅ​ឈរ​កំពូលតារាង​ជា​ស្ថាពរ​ សម្រាប់​រយៈ​កាល​បញ្ចប់ជើង​ទី​មួយ​នៃ​ពាន​លីគ​កំពូលកម្ពុជា​រដូវ​កាល​២០២០​នេះ។​ក្រុម​ទាំងពីរ​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់ជំនួប​ដ៏​សំខាន់​នេះ ខណៈបឹង​កេត​ដែល​ជា​ក្រុម​ភ្ញៀវ​ធ្វើដំណើរ​ពី​ភ្នំពេញ​ បាន​យក​ចុងភៅផ្តាល់​ខ្លួនទៅ​ធ្វើ​ម្ហូបប៉ូវកីឡាកររបស់​ខ្លួនត្រៀម​សម្រាប់​ជួប​ម្ចាស់​ផ្ទះ។

តាម​រយៈរូបភាពផ្ដល់ឲ្យ​​គេ​ដឹង​ថា ​ក្លិប​បឹង​កេត​បាន​យក​ចុងភៅដ៏ចំណាន​ពី​ភោជនីយដ្ឋានបែប Pub ដ៏ល្បីឈ្មោះ​មួយ​គឺ MOTOR CAFE ខណៈ​ហាង​មួយ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃអាជីវកម្មរបស់​ម្ចាស់ក្លិប​បឹង​កេត​ផង​ដែរ។

ក្រុមបឹង​កេត​ក៏​ដូច​ជា​ព្រះខ័នរាជស្វាយរៀងសម្រាប់​ការ​ប្រកួត​កន្លង​មក​មិន​ទាន់ភ្លក់រសជាតិ​បរាជ័យនៅ​ឡើយ​ទេ។ ក្រុម​លោក Conor Nestor ឆ្លង​កាត់​១១ប្រកួត​កន្លង​មក​ឈ្នះ​១០​និង​ស្មើ​មួយប្រកួតមាន​៣១ពិន្ទុក្នុង​ដៃ ហើយ​បឹង​កេត​ឈ្នះ​៩​ប្រកួត​នឹង​ស្មើ​២​ប្រកួតមាន​២៩ពិន្ទុក្នុង​ដៃ។ ជំនួប​នេះ​ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​ឈរ​លេខ​១បណ្ដោះអាសន្នសម្រាប់​ការ​ប្រកួត​ចប់​ជើង​ទី​មួយ។

ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​វេលាម៉ោង​៦​និង​០០នាទីយប់​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​ទូរទស្សន៍ BTV News នឹង​ធ្វើ​ការ​ផ្សាយផ្ទាល់ការ​ប្រកួត​នេះផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628