បាល់ទាត់

ក្លិបនៅចិន R&F ទទួលបានសិទ្ធិលេងពានកម្រិតទ្វីបតំណាងហុងកុង នារដូវកាលក្រោយតទៅ

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចជាផ្លូវការដល់បើកផ្លូវដល់ក្លិបមានមូលដ្ឋាននៅប្រទេសចិន R&F (Hong Kong) Soccer Limited ដែលហៅកាត់ត្រឹម R&F សម្រាប់ការបង្ហាញវត្តមានក្នុងពានរង្វាន់កម្រិតទ្វីបទាំងពីររួមមាន AFC Champions League ឬ AFC Cup នារដូវកាលបន្ទាប់តទៅក្នុងនាមជាក្លិបតំណាងឲ្យហុងកុង។

គួរបញ្ជាក់ផងថាក្លិបខាងលើបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ និងជាកូនសម្ព័ន្ធក្លិបរបស់ក្លិបយក្សនៃក្របខណ្ឌលីគកំពូលចិន Guangzhou R&F ។ ដ្បិតមានមូលដ្ឋាននៅ Guangzhou ប្រទេសចិន ប៉ុន្តែក្លិបមួយនេះបង្កើតឡើងសម្រាប់លេងក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលហុងកុង ប៉ុន្តែពុំមានសិទ្ធិបង្ហាញខ្លួនក្នុងពានកម្រិតទ្វីបនានាតំណាងឲ្យហុងកុងនោះឡើយ។

យ៉ាងណា! ពេលនេះសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានសិក្សា និងសម្រេចជាផ្លូវការ ដោយអនុញ្ញាតឲ្យក្លិប R&F អាចមានសិទ្ធិបង្ហាញវត្តមានក្នុងពានរង្វាន់កម្រិតទ្វីបទាំងពីរកម្រិតក្នុងនាមតំណាងហុងកុង ប្រសិនបើឆ្នាំបន្តបន្ទាប់ពួកគេអាចដណ្តើមបានចំណាត់ថ្នាក់ជើងឯក។

រំលឹកឡើងវិញ ៣ រដូវកាលកន្លងមកចាប់តាំងពីបង្កើតក្លិបចូលរួមក្នុងពានលីគកំពូលហុងកុង R&F បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី ១០ , ទី ៧ ខណៈរដូវកាលចុងក្រោយបានឈរជាជើងឯករង ក្រោយចាញ់ក្លិបជើងឯក Tai Po FC ៥ ពិន្ទុប៉ុណ្ណោះ។

សម្រាប់កៅអីជើងឯកលីគកំពូលហុងកុង នឹងទទួលបានកៅអីលេងវគ្គជម្រុះជុំទី ២ ក្នុងពានរង្វាន់ AFC Champions League ក្នុងករណីធ្លាក់ នឹងត្រូវលេងក្នុងពានរង្វាន់ AFC Cup ។ ចំពោះកៅអីជើងឯករង ក៏ទទួលបានឱកាសលេងនៅក្នុងពានរង្វាន់ AFC Cup វគ្គចែកពូលដោយស្វ័យប្រវត្តិផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628