បាល់ទាត់

បឹងកេតប្រកាស​ចែកផ្លូវគ្នា​ជាមួយខ្សែ​ប្រយុទ្ធប្រេស៊ីល Franc Santana Paiva ហើយ

ក្លិបបឹង​កេត​អេហ្វស៊ី​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​នាទី​មុននេះថា​បាន​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយខ្សែប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល Franc Santana Paiva ហើយ​ក្រោយ​រួម​រស់​ជាមួយ​គ្នា​​ កំឡុង​កន្លះរដូវ​កាល​នៃ​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០​នេះ។

កីឡាករ​ប្រេស៊ីល​ហាក់​បង្ហាញទម្រង់​លេង​មិន​សូវ​បាន​ល្អ​ក្នុង​នាម​ជា​កីឡាករ​កូតាបរទេស​របស់​ក្លិប​បឹង​កេត​ដោយ​បង្ហាញខ្លួន​៧ប្រកួត​ចុង​ក្រោយរក​បាន​៤​គ្រាប់។ ការ​បង្ហាញ​ទម្រង់​លេង​ល្អបំផុត​របស់​កីឡាករ​រូបនេះ ​គឺ​ពេល​ដែល​ជួយបឹង​កេត​ឈ្នះ​កងយោធិពលខេមរភូមិន្ទ​ក្នុង​លទ្ធផល​៦​ទល់​១​ ដែល​រូប​គេ​រក​បានបី​គ្រាប់​ម្នាក់ឯង។ Franc ធ្លាប់លេងឱ្យក្លិបក្នុងប្រទេសប្រេស៊ីលជាច្រើន និងចុងក្រោយបង្អស់លេងឱ្យក្លិប Devolli ក្នុងក្របខ័ណ្ឌលីគទី២របស់ប្រទេសអាល់បានី។

និយាយពី​បឹង​កេត​វិញ​ពេល​នេះ​កំពុងឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជាក្រោយ​ចប់​ជើង​ទី​មួយ​បន្ទាប់​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​សោះ។ ទោះ​បី​ជា​ពេល​នេះ​រដូវកាល​ដោះដូរកីឡាករកំពុងតែ​បើក​ក្ដី​បឹង​កេត​ មិន​ទាន់​បាន​ប្រកាស​ពី​ការ​យក​កីឡាករ​បរទេស​មក​ជំនួស ខ្សែ​ប្រយុទ្ធប្រេស៊ីល​រូបនេះ​ឡើយទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628