បាល់ទាត់

អ្នកគាំទ្រក្លិបប្រចៀវខ្មៅ Valencia អស់​ការ​អត់ធ្មត់ជាមួយម្ចាស់ក្លិបសញ្ជាតិសិង្ហបុរី Peter Lim

អ្នកគាំទ្រក្លិប Valencia ដែល​លេងក្នុង​លីគ La Liga របស់អេស្ប៉ាញ បាន​បាត់​បង់​ភាព​អត់ធ្មត់របស់​ខ្លួន​ជាមួយ​ម្ចាស់​ក្លិប​សញ្ជាតិ​សិង្ហបុរី​លោក Peter Lim ហើយ​ពួក​គេបាន​ស្នើ​ឲ្យ​ប្រធានក្លិប​រូបនេះចាកចេញ​ឈប់​កាន់​ក្លិបតទៅទៀត។

កាសែត Marca ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជាបណ្ដាញសារព័ត៌មាន​ធំ​ជាង​គេរបស់​អេស្ប៉ាញ បាន​រាយការណ៍​ថា​ក្រុមអ្នកគាំទ្របានធ្វើបាតុកម្មនៅខាងក្រៅមជ្ឈមណ្ឌលហ្វឹកហាត់ ដែលពួកគេបានជំរុញឱ្យ Lim និងប្រធានក្លឹបលោក Anil Murthy ចាកចេញពីក្រុមភ្លាមៗ។ ចាប់តាំងពីលោក Lim បានក្លាយជាម្ចាស់ក្រុមក្នុងឆ្នាំ ២០១៤ អ្នកគាំទ្រមិនចូលចិត្តគាត់ដែលពួកគេគិត​ថា​លោក Lim តែងតែធ្វើការសម្រេចចិត្តដែលធ្វើឱ្យប៉ះពាល់ដល់ក្លឹប​ហើយបដិសេធមិនទទួលយកយោបល់ពីភាគីណាមួយរួមទាំងដំណែង​គ្រូបង្វឹករបស់​ក្រុម​ទៀតផង។

ក្នុងចំណោមសកម្មភាពរបស់លោក Lim ដែលធ្វើឱ្យមានការរិះគន់ គឺការបណ្តេញគ្រូបង្វឹកភ្លាមៗដូចជាអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United លោក Gary Neville កាលពី​ប៉ុន្មាន​ឆ្នាំមុន និងការលក់កីឡាករឆ្នើមរបស់ក្រុមមួយចំនួនក្នុងតម្លៃថោកជាដើម។ ក្នុងចំណោមការលក់កីឡាករ លោក បានលក់ប្រធានក្រុម Dani Parejo ដែលបានលេងនៅកីឡដ្ឋាន Mestalla ចាប់តាំងពីឆ្នាំ ២០១១។ Parejo ត្រូវបានលក់ទៅឱ្យគូប្រជែងដ៏សំខាន់របស់ពួក​គេគឺ Villarreal កាលពីរដូវកាលមុន។ លើសពីនេះទៅទៀត! កីឡាករសំណព្វអ្នកគាំទ្រម្នាក់ទៀតគឺ Francis Coquelin ក៏ត្រូវបានលក់ទៅឱ្យ Villarreal ផងដែរ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628