បាល់ទាត់

Drogba របូតឈ្មោះចេញពីបញ្ជីបោះឆ្នោតជាប្រធានសមាគមបាល់ទាត់កូឌីវ័រ

វីរៈបុរសបាល់ទាត់នៃក្លិបតោខៀវ Chelsea អតីតកីឡាករ Didier Drogba បានខកខានឱកាសប្រជែងជាប្រធានសមាគមបាល់ទាត់កូឌីវ័រ សាជាថ្មីក្រោយពីត្រូវបានដកឈ្មោះចេញពីបញ្ជីបោះឆ្នោតក្នុងពេលខាងមុខនេះ។ 

រំលឹកឡើងមកវិញថា កាលពីដើមខែសីហានេះបុរសវ័យ ៤២ ឆ្នាំខាងលើបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពឲ្យគេបោះឆ្នោតជ្រើសរើសជាប្រធានសមាគមបាល់ទាត់ប្រចាំប្រទេសរបស់លោក ទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។ ប៉ុន្តែឈានចូលមកដល់ពេលនេះ ឈ្មោះរបស់គាត់ត្រូវបានប្រកាសដកចេញវិញ បន្ទាប់ពីបរាជ័យក្នុងការឯកភាពពីមន្ត្រីជាន់ខ្ពស់ក្នុងសមាគមបាល់ទាត់កូឌីវ័រ។

គួរបញ្ជាក់ថា បេក្ខភាព ២ នាក់ ដែលត្រូវបានដកឈ្មោះមិនមែនតែកីឡាករជួយ Chelsea លើកពាន Premier League ៤ សម័យកាលខាងលើនោះទេ មានបេក្ខភាព Paul Koffi Kouadio ម្នាក់ទៀតក៏ត្រូវបានដកឈ្មោះដូចគ្នា ដោយមូលហេតុមិនមានការឯកភាពពីសមាជិកក្រុមមន្ត្រីជាន់ខ្ពស់ក្នុងសមាគមតែមួយ។

ដូច្នេះបេក្ខភាព ដែលនៅសល់ក្នុងការប្រជែងជាប្រធានសមាគមបាល់ទាត់កូឌីវ័រថ្មីនៅសល់ ២ នាក់ប៉ុណ្ណោះរួមមានលោក Yacine Idriss Diallo ជាប្រធានអាណត្តិចាស់ និងម្នាក់ទៀត ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការសមាគមស្រាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628