បាល់ទាត់

ចិន​លេបទឹក​មាត់​ក្អឹកៗក្រោយ​ FIFA ប្រកាស​ប្ដូរច្បាប់ចុះ​ឈ្មោះ​កីឡាករ​ចូល​សញ្ជាតិ​ឲ្យ​ងាយស្រួលជាងមុន

សមាគមកីឡាបាល់​ទាត់​ប្រទេសចិន( CFA)​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការ​ចុះ​ឈ្មោះ​កីឡាករ​បរទេស​ចូលសញ្ជាតិ​ នៅ​ពេល​ដែល FIFA ត្រូវ​បាន​គេរាយការណ៍​អំពីសំណើផ្លាស់ប្តូរគោលការណ៍ជ្រើសរើសកីឡាករបរទេសនៅក្នុងក្រុមជម្រើសជាតិក្នុងសមាជលើកទី ៧០ ។

កាលពីមុនជម្រើសជាតិចិនបានចុះបញ្ជីកីឡាករដើមកំណើតប្រេស៊ីល Elkeson ជាកីឡាករបរទេសចូលសញ្ជាតិ ដើម្បីចូលលេង​ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់FIFA World Cup 2022/ AFC Asian Cup 2023 ។ គាត់គឺជាកីឡាករចូលសញ្ជាតិទី ២ ដែលទទួលបានសញ្ជាតិជាពលរដ្ឋចិន បន្ទាប់ពីកីឡាករ​អង់គ្លេស​ដើមកំណើត​លីបង់ Nico Yennarisចូល​សញ្ជាតិ​ម្នាក់​ទៀត​មាន​ឈ្មោះ​ជាភាសាចិន​ថា Li Ke ។

យោងតាមរបាយការណ៍ពី China Daily បានឲ្យដឹងថា បច្ចុប្បន្នពួកគេកំពុងរង់ចាំការយល់ព្រមពី FIFA ដើម្បីចុះឈ្មោះកីឡាករចូលសញ្ជាតិ៣រូបបន្ថែមទៀតគឺ Luo Guofu (Aloisio), Alan និង Ricardo Goulart ដែលបានទទួលលិខិតឆ្លងដែនរបស់ប្រទេសចិន។ច្បាប់សញ្ជាតិថ្មីនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្តល់ឱកាសដល់បណ្តាប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់លេខក្រោម ១៥០ដើម្បីពង្រឹងក្រុមរៀងៗខ្លួន។

ក្នុងចំនោមការផ្លាស់ប្តូរដែលបានដាក់ស្នើទៅនឹងច្បាប់ជ្រើសរើសកីឡាករចូលសញ្ជាតិមានៈ

  1. កីឡាករបរទេស​ដែល​បាន​លេង​តំណាង​ក្នុង​ជម្រើស​ជាតិ​របស់​ខ្លួន ឬ​ជម្រើស​ជាតិ​ណាមួយ​ក្នុង​ការ​ប្រកួត​បែបផ្លូវការ​ណាមួយ​គ្រប់​កម្រិតអាយុ​នឹង​លេង​ជម្រើស​ជាតិ​ណាមួយ​ដែល​ខ្លួន​ចង់​លេង​បាន​។
  2. កីឡាករ​ណាម្នាក់​ដែល​មិនមានលិខិត​បញ្ជាក់​អត្តសញ្ញាណ​ជា​ពលរដ្ឋរបស់​ប្រទេស​ណាមួយ ហើយ​ចង់​ឲ្យ​ជម្រើស​ជាតិដែល​ខ្លួន​ស្រឡាញ់​នឹង​ត្រូវ​អនុញ្ញាត
  3. កីឡាករ​ដែល​មាន​វ័យ​ក្រោម​២១ឆ្នាំ​ហើយ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិផ្សេង​លើក​ចុង​ក្រោយ​បំផុត​
  4. កីឡាករដែលជាកូន របស់ឪពុកម្តាយ ជីដូន ឬជីដូនជីតាសញ្ជាតិផ្សេង ដែលបានកើតនៅក្នុងប្រទេសហើយបានរស់នៅក្នុងប្រទេសយ៉ាងហោចណាស់ ៥ឆ្នាំ

លក្ខខ័ណ្ឌបែបនេះនឹងបើកទ្វារសម្រាប់ជម្រើសចិនក្នុងការចុះឈ្មោះខ្សែការពារ Tyias Browning របស់Guangzhou Evergrande ជាអតីតកីឡាករជម្រើស​ជាតិអង់គ្លេសវ័យក្រោម២១ឆ្នាំចូល​ក្នុង​ជម្រើស​ជាតិ​ខ្លួន​បាន។

លើសពីនេះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់​ក្លិប Jiangsu Suning គឺ Alex Teixeira និងខ្សែបម្រើ John Guoan នៅក្លិប Beijing Guoan ក៏មានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិចិនផងដែរ សម្រាប់ការបំពេញនូវគោលការណ៍មួយដែលបានស្នើឡើង។ ជាក់ស្តែងខ្សែបម្រើ Oscar Dos Santos ខ្សែបម្រើក្លិប Shanghai SIPG ដែលធ្លាប់លេងឲ្យប្រទេសប្រេស៊ីលក្នុងព្រឹត្តិការណ៍២០១៤ World Cup បានត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់សញ្ជាតិប្រេស៊ីលរបស់ខ្លួនមកពាក់អាវជម្រើស​ជាតិចិន។

លោក Chen Xuyuan ប្រធានសមាគមបាល់​ទាត់​ចិនស៊ីបានសង្កត់ធ្ងន់ថា ការបញ្ចូលកីឡាករបរទេសចូល​សញ្ជាតិគឺសម្រាប់ការធ្វើផែនការរយៈពេលខ្លី ដើម្បីសម្រេចគោលដៅនៃការជម្រុះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ ពួកគេគ្រោងនឹងក្លាយជាប្រទេសយក្សអាស៊ីនៅឆ្នាំ ២០៣០ និងយក្សពិភពលោកនៅឆ្នាំ ២០៥០ ។

វត្តមានរបស់កីឡាករចូលសញ្ជាតិជាច្រើនក៏បានបង្កឱ្យមានប្រតិកម្មអវិជ្ជមានផ្សេងៗក្នុងចំណោមអ្នកគាំទ្របាល់ទាត់ចិន ដែលបានអះអាងថាប្រព័ន្ធអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងប្រទេសបានបរាជ័យរួច​ទៅ​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628