បាល់ទាត់

លោក Ole ថាចុះ​កុងត្រា​យក Van de Beek ដោយសារធ្លាប់ស៊ុតចូលក្រុមលោកដឹកនាំកាលឆ្នាំ២០១៥

គ្រូ​បង្វឹកក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាន​ទម្លាយ​ថា​គាត់​បាន​មើល​ឃើញ​កូន​ក្រុមថ្មី Donney van de Beek តាំងពី​ឆ្នាំ​២០១៥​បន្ទាប់​ពី​ជំនួប​ក្នុងពាន​រង្វាន់ UEFA Europa League ដ៏​គួរ​ឲ្យ​ចងចាំ​មួយ។

ពេល​នោះ Solskjaer ដឹកនាំ​ក្លិប​ Molde របស់​ន័រវេស​ចំ​ពេល​ដែល​លេង​ជាមួយ​ក្លិប​ហូឡង់ Ajax ដែល​មាន​កីឡាករ​យុវជន Van de Beek លេង​ក្នុង​តំបន់​បម្រើ។ ពេល​នេះ​កីឡាកររូបនេះ​ ចូល​លេង​ក្នុង​ឈុត​ធំ​បាន​តែ​មួយខែ​ប៉ុនណោះ ហើយ​ខ្សែ​បម្រើសញ្ជាតិ​ហូឡង់រូបនេះបានប្រើក្បាល​អុកបញ្ចូលទីក្រុម Molde របស់លោក តែ​ទី​បំផុត​ការ​ប្រកួតបញ្ចប់​ក្នុងលទ្ធផល១ទល់១។

ខណៈ​ពេល​ដែល​ Van de Beek គ្រាន់​តែ​ជា​កីឡាករយុវជនម្នាក់នៅ​ពេល​នោះ​ហើយ​កំពុងតែ​ព្យាយាមដណ្ដើម​រក​ជម្រើស​១១​នាក់ក្នុង​ក្រុម លោក Solskjaer បាន​ចំណាំថាកីឡាករ​ថ្មី​បំផុត​របស់បិសាចក្រហម​រូបនេះបានបន្សល់ទុក​ឲ្យ​ភាពល្អឥតខ្ចោះមួយ។

លោក Ole និយាយ​សន្ទនាកីឡាប្រចាំ​ថ្ងៃរបស់ BBC ថា៖ ” គ្រាប់បាល់​ដំបូងដែល​គាត់​រក​បាន​គឺ​ទល់​នឹង​ក្រុម Molde ដែលខ្ញុំដឹកនាំក្នុងពាន Europa League ក្នុងឆ្នាំ២០១៥។ យើង​ស្មើ​១​ទល់​១​នៅ​កីឡដ្ឋាន Amsterdam Arena ហើយ​គាត់​ប្រើ​ក្បាលសម្រេច​ទី​ដ៏​ល្អ”។

“គាត់​ពិត​ជាធ្វើ​ឲ្យ​តំបន់​ការពារកណ្ដាលរបស់​ខ្ញុំពិបាសក​មែន​ទែន ហើយ​គាត់​ក្លាហាន​ណាស់។ ខ្ញុំចូលចិត្ត​អាកប្បកិរិយាបែបនេះក្នុង​ទីលាន។ ខ្ញុំបាន​និយាយ​ទៅ​កាន់ Edwin van de Sar និង​កីឡាករ​ដទៃ​ទៀត​ដេល​ស្គាល់​គាត់។ មាន​អី! ខ្ញុំ​គ្រាន់​តែ​សួរ​នរណាម្នាក់​ដែល​ស្គាល់គាត់​ច្បាស់​ហើយជឿជាក់លើ​ការ​តាមដាន​របស់​យើង”។

“ពេល​ដែល​នរណាម្នាក់​ស៊ុតបញ្ចូល​ទី​ទល់​នឹង​អ្នក អ្នក​តែងតែចងចាំ។ ខ្ញុំ​គ្រាន់​តែចងចាំថា​គាត់​បាន​ឆ្លងគាត់តំបន់​ការពាររបស់​ខ្ញុំ​ ហើយ​ប្រើជំនាញ​ធ្វើ​ឲ្យ​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី​ក្នុង​ការ​ប្រកួតដំបូង​របស់​គាត់”៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628