បាល់ទាត់

លោក Ancelotti មើលឃើញ Sergio Romero អាច​យកទៅ​ប្រជែង​ដៃទីមួយជាមួយ Jordan Pickford ​នៅ Everton

Everton អាច​នឹង​ចុះកុងត្រា​យក​អ្នក​ចាំ​ទី​ដៃទី​បី​ Sergio Romero ក្នុង​រដូវ​កាល​នេះ​ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​ Jordan Pickford បន្ទាប់​ពី​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អង់គ្លេសរូបនេះ ហាក់​មិន​សូវ​ប្រឹង​ប្រែងចាប់​បាល់​ពេល​ប្រកួតម្ដងៗ(ដោយ​សារគ្មាន​អ្នក​ដណ្ដើមដំណែង)។

Pickford បង្កើតកំហុស​ជាច្រើន ​ពិសេស​បង្កើតកំហុស​២​ដងបណ្ដាល​ឲ្យ​របូត​២​គ្រាប់​ក្នុង​ជ័យជម្នះ៥​ទល់​២​ជាមួយក្លិប Fleetwood Town ក្នុង​ពានរង្វាន់ Carabao Cup ជុំ​ទី​២​កាល​ពី​២​ថ្ងៃមុន។  អនាគតរបស់​អ្នក​ចាំ​ទី​ដៃទីមួយជម្រើស​ជាតិ​អង់គ្លេស​វ័យ​២៦ឆ្នាំ​ ស្ថិត​ក្នុង​មន្ទិល​ក្រោយ​កាសែតអ្នក​ជំនាញរបស់កាសែត talkSPORT បញ្ជាក់​ថា​ ការ​ធ្វេសប្រហែលរបស់​អ្នក​ចាំ​ទី​រូបនេះ អាច​ធ្វើ​ឲ្យ​ Everton មិន​អាច​ឈរ​ក្នុង​លំដាប់ Top 6 នៅ​រដូវ​កាល​នេះ។

ចំណែក​កាសែត The Times  រាយការណ៍ថា Romero នឹង​ក្លាយ​ជា​កីឡាករជំនួសក្នុង​ជម្រើសដំបូង​នៅ Goodison Park។ លោក Carlo Ancelotti ត្រូវ​បានកាសែតខាងលើរាយការណ៍​ថា កំពុងពិចារណា​ជម្រើស​មួយ​មុនទីផ្សារដោះដូរកីឡាករ​បិទនៅ​ថ្ងៃទី០៥​ខែ​តុលា ​ហើយ​កិច្ចព្រមព្រៀង​កំពុងតែ​រៀបចំ។ Romero គឺ​ជា​កីឡាករ​ម្នាក់​ស្ថិត​ក្នុង​គោលដៅរបស់ គាត់ហើយ​កីឡាករ​វ័យ៣៣ឆ្នាំរូបនេះក៏​ចាប់​អារម្មណ៍​ចង់​មក​កាន់​ទឹក​ដី Merseyside ផង​ដែរ។

ទោះ​បី​ជា​ក្លិប​ទាំងពីរ​មិន​ទាន់​ទាក់​ទងគ្នាដោយផ្ទាល់ ក៏ Everton ត្រូវបាន​គេ​បង្ហើបថា បាន​ទាក់​ទង​ជាមួយកីឡាករ​លើ​ការ​ផ្ទេរ​នេះ​ទៅ​ហើយ។ Romero ស្ថិត​ក្នុង​ជម្រើស​ទី​៣​នៅ​ Old Trafford រដូវ​កាល​នេះ បន្ទាប់​ពី​ការ​មក​ដល់របស់ Dean Henderson ។ United ធ្លាប់​បាន​កំណត់តម្លៃខ្លួនកីឡាកររូបនេះ១០លាន​ផោន​ហើយ​បើ​រូប​គេពិចារណាចាកចេញ​ រូប​គេ​នឹង​ត្រូវយល់​ព្រម​ទទួល​យកការ​កាត់​ប្រាក់​ឈ្នួល​ ដែល​ទទួល​បាន​១០ម៉ឺនផោន​ក្នុងមួយសប្ដាហ៍នៅ Man Utd។

មែន​ទែនទៅ! Pickford គឺ​ជាស្ដេចត្រាញ់​ចាំ​ទី​ទៅហើយ​នៅ Everton ហើយ​រូប​គេ​មិន​ដែលទទួលបាន​ការ​ប្រកួតប្រជែងខ្លាំងក្លាពី​អ្នកចាំទីរូបណានោះ​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628