បាល់ទាត់

ខ្សែបម្រើវ័យក្មេង សៅ វ៉ៃហ្វ៊ីពី​កីឡាករ​គ្មាន​ឈ្មោះសូម្បីបញ្ជីបម្រុង​ក្លាយ​ជា​តួអង្គសំខាន់របស់​បឹង​កេតមួយរយៈចុងក្រោយ

ខ្សែបម្រើវ័យក្មេង សៅ វ៉ៃហ្វ៊ី ដែលទើបផ្លាស់មកចូលរួមក្លិបបឹងកេត នារដូវកាល ២០២០នេះ ទទួលបានឱកាសបង្ហាញខ្លួន ២ប្រកួតជាប់គ្នា ក្នុងពានរង្វាន់សម្តេចហ៊ុន សែន និង លីគកំពូលកម្ពុជា ក្រោមការដឹកនាំរបស់លោក គឹម ភក្តី ជាគ្រូបង្គោលបណ្តោះអាសន្ន។

អតីតយុវជនសាលាបាល់ទាត់ជាតិបាទី រូបនេះ បានបង្ហាញអារម្មណ៍ថា៖ “ ខ្ញុំពិតជារំភេីប និងគោរពអរគុណដល់លោកគ្រូដែលផ្តល់ជំនឿជាក់ដល់ខ្លួនខ្ញុំបានផ្តល់ឱកាសបញ្ចេញសមត្ថភាព ខ្ញុំគិតថាបទពិសោធន៍នៅតិច តែលោកគ្រូផ្តល់ឱកាសហេីយ ខ្ញុំតាំងចិត្តព្យាយាមប្រឹងប្រែងអោយអស់ពីសមត្ថភាព ” ។

ជុំវិញស្ថានភាពនៃការប្រកួតក្នុងពានរង្វាន់សម្តេចហ៊ុន សែន និងលីគកំពូល យុវជន សៅ វ៉ៃហ្វ៊ី បានលើកឡើងថា៖ “ ក្នុងការលេងទាំងពីរប្រកួតនេះខ្ញុំគិតថាជាជំហានមួយថ្មីសម្រាប់ការអភិវឌ្ឍខ្លួន និងការដកបទបទពិសោធន៍មួយកម្រិតបន្ថែមទៀតពីបងៗជំនាន់មុន ជាពិសេសការប្រកួតលីគគឺជាការប្រកួតមួយដ៏ជក់ចិត្ត មេឃភ្លៀងផងបណ្តាលអោយលំបាកក្នុងការបញ្ជូនបាល់តែវាជាបទពិសោធន៍ល្អថាយេីងគួររកវិធីសាស្ត្រយ៉ាងណាដេីម្បីបញ្ជូនបាល់ទៅកាន់មិត្តក៏ដូចជាបងៗរួមក្រុមរបស់យេីង ពីរប្រកួតនេះខ្ញុំពេញចិត្ត ហេីយបានប្រឹងប្រែងយ៉ាងពេញទំហឹងដេីម្បីក្លិបទទួលបានជោគជ័យ ទោះប្រកួតទីមួយយេីងបានចាញ់តែខ្ញុំទទួលបានបទពិសោធន៍ល្អពីដៃគូ ” ។

យុវជនវ័យទើបតែ ១៩ឆ្នាំរូបនេះបន្តថា៖ “ ដំបូងខ្ញុំបាទ មិននឹកស្មានថាការបង្ហាញខ្លួនលេីកដំបូងរបស់ខ្ញុំអាចទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រទេ តែនេះជាកំលាំងចិត្តមួយដ៏ក្លាំងក្លាដែលនឹងអាចជួយជុំរុញទឹកចិត្តនិងបេះដូងរបស់ខ្ញុំអោយកាន់តែមានភាពក្លាហាននិងភាពជឿជាក់មកលេីខ្លួនឯងកាន់តែខ្ពស់ឈានទៅរកគោលដៅនៃក្តីស្រមៃរបស់ខ្ញុំ អារម្មណ៍ពិតរបស់ខ្ញុំផ្ទាល់សូមផ្ញេីសាដែលចេញអំពីបេះដូងទៅកាន់អ្នកគ្រប់គ្នាដែលបានគាំទ្រនិងផ្តល់កំលាំងចិត្តដល់ខ្ញុំបាទ ខ្ញុំពិតជារំភេីបនិងអរគុណយ៉ាងខ្លាំងដល់ពុកម៉ែបងប្អូនគ្រប់ទិសទី ហេីយនិងតាំងចិត្តតស៊ូបន្តការហ្វឹកហាត់ដេីម្បីធ្វេីការប្រយុទ្ធនៅលេីទីលានវាលស្មៅអោយកាន់តែល្អ ប្រកបដោភាពថ្លៃថ្នូរនិងទំនួលខុសត្រូវ គោរពជូនពរអ្នកគាំទ្រជួបតែសុខសំណាងល្អ ស្រឡាញ់អ្នកគ្រប់គ្នាជានិច្ចនិរន្តិ៍ ” ។

វ៉ៃហ្វ៊ី បានបន្ថែមថា៖ “ គោលដៅរបស់ខ្ញុំមកបឹងកេត គឺមកដេីម្បីជួយក្លិបដែលខ្ញុំស្រឡាញ់អោយកាន់តែខ្លាំងក្លាឡេីងមួយកម្រិតទៀត បឹងកេតជាក្លិបដំបូងរបស់ខ្ញុំតែវាជាផ្ទះដ៏កក់ក្តៅមួយសម្រាប់ខ្ញុំ ទាំងមិត្តភក្តិនិងបងៗ រួមទាំងលោកគ្រូព្រមទាំងម្ចាស់ក្លិប បេះដូងរបស់ពួកយេីងគឺមានគោលដៅតែមួយ ក្តីស្រមៃតែមួយ ខ្ញុំមកកាន់ទីនេះដេីម្បីអភិវឌ្ឍខ្លួននិងតាំងចិត្តថា ជួយក្លិបអោយរីកចំរេីនតាមដែលអាចធ្វេីទៅបាន ស្រឡាញ់គោរព ការសាមគ្គី ភក្តីភាព គុណធម៌ សីលធម៌មានគ្រប់យ៉ាងនៅក្នុងក្លិបមួយនេះ ” ។

គួររំលឹកថា សៅ វ៉ៃហ្វី ត្រូវបានលោក គឹម ភក្តីផ្តល់ឱកាសឱ្យលេងក្នុងជំនួបសប្តាហ៍ទី ១៧ ទល់នឹងកងយោធពលខេមរភូមិន្ទ ដែលទទួលបានជ័យជម្នះ ២-០ ក្រោមមេឃភ្លៀងធ្លាក់ពេញ ៩០នាទីនៃការប្រកួត ៕

អត្ថបទនិងរូបភាព៖ ផ្ដល់ឲ្យដោយ​បឹង​កេត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628