បាល់ទាត់

Bruno: ស៊ុត១១ដងខុសម្ដង! ពេល​នេះ​អ្នក​រាល់​គ្នាអាចនិយាយថាខ្ញុំស៊ុតបាល់ Penalty អត់​ចូល​ហើយ

Bruno Fernandes បាន​ទម្លាយ​ថា​រូប​គេ​បានបង្កើតកំហុសមួយដោយ​ប្ដូរក្បាច់ស៊ុតបាល់​ពិន័យ១១ម៉ែត្រ​ក្នុង​ជំនួប Manchester United ឈ្នះ Newcastle​៤​ទល់​១។

Bruno ​ទទួល​បាន​បាល់​ពិន័យ១១ម៉ែត្រ​មួយ​គ្រាប់​នៅនាទី​៥៨ បន្ទាប់​ពី​ខ្សែ​ការពារ Newcastle បង្កកំហុស​លើ Marcus Rashford ប៉ុន្តែ​ការ​ទាត់​បាល់​ពិន័យ១១ម៉ែត្រ​របស់​ខ្លួនត្រូវ​បាន​អ្នក​ចាំទី  Karl Darlow  សង្គ្រោះបាន។​ចាប់​តាំងពីផ្ទេរមក​ដល់ ​Manchester United ​ខ្សែបម្រើជម្រើស​ជាតិ​ព័រទុយហ្គាល់​ទាត់​សម្រេចបាន​១០​ដង​ហើយ​ក្នុង​ចំណោម១១លើកលើស​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ Premier League ។​

ក្រោយ​ចប់​ការ​ប្រកួត​ Bruno បាន​និយាយ​ថា​គាត់បានអនុវត្តវិធីសាស្រ្តថ្មីសម្រាប់ការទាត់បាល់របស់គាត់ តែមិន​គ្រប់​គ្រាន់ ហើយគាត់បានត្រៀមខ្លួនសម្រាប់អ្នកគាំទ្រក្លិបគូប្រជែងដែល​រិះគន់និង​និយាយ​ថា​ជា​កីឡាករ​ចេះតែស៊ុតបាល់​ប៉េណាល់ទី។ គាត់​និយាយ​ក្នុង​ទូរទស្សន៍ BBC នៃ​កម្មវិធី Match of the Day ថា៖

“ពេល​ខ្លះ​ខ្ញុំបាន​ផ្លាស់ប្ដូរដែរ។ ប៉ុន្តែ​ថ្ងៃ​នេះធ្វើ​អត់បាន​ល្អ។ ខ្ញុំ​ចង់​ទាត់​បាល់​ឲ្យ​ចំ​មុំ៩០ ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ។​អបអរសាទរទៅ​កាន់​គាត់(Karl Darlow  )​ដែល​បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ដំបូង​សង្គ្រោះបាល់​ Penalty ក្នុង​ Premier League របស់​ខ្ញុំ។ ស៊ុត​ខុសមួយក្នុងចំណោមបាល់​ Penalty ១១​លើក ពេល​នេះពួក​គេ​អាច​និយាយ​បាន​ថា​ខ្ញុំស៊ុត​បាល់​ពិន័យ១១ម៉ែត្រ​អត់​ចូល​ហើយ”។

“ខ្ញុំចាំបាច់​ត្រូវតែធ្វើ​គ្រប់​យ៉ាងឲ្យ​កាន់​តែ​ល្អ​សម្រាប់​ការ​ប្រកួត។ ថ្ងៃ​នេះមិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ ប៉ុន្តែ​គ្មានបញ្ហានោះ​ទេ ។ខ្ញុំទាត់​បាល់​ Penalty អត់​ចូល​ហើយ​ខ្ញុំ​នឹង​កែលម្អ​នៅ​ការ​ប្រកួតក្រោយ”៕

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628