បាល់ទាត់

លីគបាល់​ទាត់​ក្នុង​សាល​កម្ពុជា​ទទួល​បាន​ម្ចាស់​ឧបត្ថម្ភថ្មី​ស្រប​ពេល​ប្រាក់​រង្វាន់​ក្រុម​ជើងឯកក៏ប្រសើរជាងឆ្នាំមុន

ការ​ប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ឆ្នាំ២០២០ ឬ  Tiger Futsal Cup 2020 ទទួល​បាន​ការ​ឧបត្ថម្ភថ្មី​ពី ក្រុមហ៊ុន Heineken ប្រចាំប្រទេសកម្ពុជា ដែលឧបត្ថម្ភដល់ការប្រកួតពាន រង្វាន់បាល់ទាត់ក្នុងសាល TIGER ឆ្នាំ២០២០ទាំងមូល និងបន្តឧបត្ថម្ភគាំទ្ររហូតដល់ឆ្នាំ២០២២។

ការរៀបចំការប្រកួតនេះគឺដើម្បីជ្រើសរើស កីឡាករជម្រើសជាតិ បាល់ទាត់ក្នុងសាលពេញលក្ខណៈមួយក្រុម ដើម្បីទៅចូលរួមការប្រកួតជម្រើស ជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ានឆ្នាំ២០២១ នាពេលខាងមុខនេះ។ ហេតុនេះ ការបើក រដូវកាលថ្មីការប្រកួតឆ្នាំ២០២០ ពិតជាមានសារសំខាន់ទាំងផ្នែកអភិវឌ្ឍន៏ ហ្វុតសាលក្នុងប្រទេស និងការត្រៀមលក្ខណៈសម្បត្តិក្លិប និងក្រុមជម្រើសជាតិ ទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។

អ្នកជំនាញឯកទេសវិស័យបាល់ទាត់ទូទាំងពិភពលោកមានការយល់ឃើញដូចគ្នាថា ហ្វុតសាល (Futsal) ក៏ជាប្រភេទកីឡាដែលមានគុណសម្បត្តិជាច្រើនដូចជា ភាពវ័យឆ្លាត កាយសម្បទារឹងមាំ រហ័សរហួន ស្មារតីក្រុម និងភាពស្ទាត់ជំនាញផ្នែកបច្ចេកទេសទាំងឡាយរបស់បាល់ទាត់ផងដែរ។  ហេតុនេះ ការអភិវិឌ្ឍន៏​ហ្វុតសាល​​ (Futsal) គឺជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៏បាល់ទាត់១១នាក់ ម្ខាងផងដែរ ជាពិសេសសម្រាប់កម្រិតថ្នាល និងយុវជន។

សម្រាប់ការប្រកួតឆ្នាំ២០២០នេះ មានការកើនឡើងក្រុមចូលរួមលើសពីឆ្នាំមុនៗក្នុង ចំណោមក្រុមទាំង២៥ ដែលត្រូវបានជ្រើសរើសពីមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ មាន១ក្រុមមកពី ខេត្តកំពត ១ក្រុមមកពីខេត្តកំពង់ធំ ១ក្រុមមកពីខេត្ត បន្ទាយមានជ័យ និងក្រុមផ្សេង ទៀតរស់នៅរាជធានីភ្នំពេញ ដូច្នេះត្រូវលេងតាមរូប មន្តប្រកួតវិលជុំ ក្នុងពូល ដោយបែងចែកជា៥ពូល ក្នុងមួយពូលមាន៥ក្រុម លេងសន្សំពិន្ទុក្នុងពូល ជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ១ ៥ក្រុម នឹង លេខ​២​ល្អជាងគេ៣ ក្រុមក្នុងពូលនីមួយៗ ត្រូវឡើងទៅ ប្រកួតវគ្គ៨ក្រុម ចុងក្រោយ វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ ព្រ័ត្រ ដែលសរុបទាំងអស់មាន ចំនួន៥៨ប្រកួត ចាប់ផ្តើមពីថ្ងៃទី០៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេល២ខែ។​

ដោយ​ឡែក​សម្រាប់​ក្រុមជើងឯក​ពាន​រង្វាន់ Tiger Futsal Cup 2020 នេះ​គឺទទួល​បាន​ប្រាក់រង្វាន់ ២០លានរៀល ជើងឯករង ១០លានរៀល លេខ៣ ៦លាន​រៀល លេខ ៤ បាន​៤​លាន​រៀល រួម​ទាំង​មាន​ប្រាក់​រង្វាន់សម្រាប់​អាជ្ញាកណ្ដាល​ល្អ​ជាងគេ កីឡាករល្អជាងគេ អ្នក​ចាំ​ទី​ល្អ​ជាង​គេ កីឡាករ​ស៊ុត​បញ្ចូលទីច្រើន​ជាង​គេ…ផង​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628