បាល់ទាត់

លោកគឹម ភក្ដីនិយាយបែបណាពេលជួយបឹង​កេត​ឈ្នះ​ពានលីគ២០២០​ដោយកាន់កំណត់ត្រាមិនដែលចាញ់សោះ

“ចំពោះខ្ញុំ!​សម្រាប់បាល់​ទាត់​ខ្ញុំមិន​ដែល​គិត​ថា ជោគជ័យឬមិនជោគជ័យផ្អែកទៅ​លើកំណត់​ត្រា​ទេ។ អ្វីដែលយើងធ្វើគឺយើងខិតខំពីមួយប្រកួតទៅ​មួយប្រកួត ហើយវាសំណាងដែរដែលយើងមិនចាញ់ តែ​មិន​គិត​ថា​យើង​ជាគ្រូល្អ យើង​មាន​កីឡាករ​ល្អ​អី​នោះ​ទេ តែ​វា​កើត​ឡើង​ពី​ការ​ខំប្រឹងតែ​ប៉ុណ្ណឹង” នេះ​គឺ​ជា​សម្ដីរបស់​លោក គឹម ភក្ដី​គ្រូបង្វឹក​បណ្ដោះអាសន្ន​របស់​ក្លិប​បឹង​កេត​ឆ្លើយតប​ទៅ​អ្នក​សារព័ត៌មាន​ក្រោយ​ជួយបឹង​កេត​ឈ្នះ​ពាន​លីគ​កំពូលកម្ពុជា​រដូវ​កាល​២០២០​ក្រោយ​កាន់​កំណត់​ត្រា​មិន​ដែល​ចាញ់​សោះ។

បឹង​កេតបាន​ក្លាយជាម្ចាស់​ជើងឯកពាន Metfone Cambodian League រដូវ​កាល​២០២០ ​បន្ទាប់​ពីតាម​ស្មើ​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន​ក្នុង​លទ្ធផល១​ទល់១​ចុង​ម៉ោង​ទៅ​ហើយ។ មួយគ្រាប់​របស់​ខ្សែ​ប្រយុទ្ធប្ដូរចូល Dzarma Bata បាន​ធ្វើឲ្យ​បឹង​កេត​រក្សា​កំណត់​ត្រា​មិន​ចាញ់​សោះ​ក្នុងរដូវ​កាល​២០២០។ និយាយ​ក្រោយចប់​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស់ នៅ​ចុង​ម៉ោង​លោក គឺម ភក្ដី​ថា៖

“ការ​ប្រកួត​នេះ​គឺ​ជា​ហ្គេមមួយដ៏តានតឹង ពីព្រោះ​ក្រោន​ប្រឹងលេងដើម្បីកិត្តិយសរបស់​គាត់​ហើយ​វា​ពិបាក​ប៉ុន្តែ​ល្អ​មើល។ សូមអភ័យទោស​ដែរដែលមានបញ្ហាក្នុង​នាទី​ចុង​ក្រោយ យើងង​មាន​បញ្ហាប្រទូសរ៉ាយខ្លះ ប៉ុន្តែ​ក្នុង​កីឡាពេល​ដែល​ការ​ប្រកួតបញ្ចប់​ទៅ​ យើង​ក៏​បញ្ចប់សកម្មភាព​ទាំងនេះដែរ។ សុំទោស​ដល់​ទស្សនិកជន បងប្អូន​គាំទ្រ​ទាំងអស់ សុំ​កុំបង្កើតចលាចល កាន់តែពិបាក​ក្នុង​វិស័យបាល់​ទាត់ដែល​យើង​កំពុងតែ​រីកចម្រើនបណ្ដើៗ”។

“ខ្ញុំគិត​ថា​មិន​ខុស​ពី​ក្រុម​ដទៃ​ទៀត​ទេ! សុទ្ធតែជាក្រុមដែលល្អ ក្រុមមាន​ការ​រៀប​ចំដែលធ្វើបានល្អ អីចឹង​ក្រុម​យើងក៏​ដូចគ្នាដែរ។ បើ​មើល​ទៅ​បច្ចេកទេស​នៅ​ចុង​ម៉ោង ក្រោន​ចាប់​ថមថយការ​សម្រុក យើង​មានឱកាស​ដែរ​ប៉ុន្តែ​យើង​មានសម្ពាធបន្តិចដោយ​សរ​យើង​ចាញ់គេ​មួយ​គ្រាប់ អីចឹង​កីឡាករចាប់​ផ្ដើម​មានឆន្ទៈចង់​ប្រយុទ្ធកាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​បាត់​បង់​ស្ថានភាពនៃ​ការ​ប្រកួតខ្លះ។​អីចឹង​យើង​ដាច់​ចិត្តរុញ Anderson មក​ប្រយុទ្ធដោយការ​ប្រើ​ក្បាលដើម្បីបញ្ចប់​ទី ហើយ​អ្វីដែលយើងបាន​ធ្វើគឺ​មាន​លទ្ធផលល្អ”។

ឆ្លង​កាត​១៧ប្រកួតកន្លង​មក! បឹង​កេត​ឈ្នះ១២​ ស្មើ​៥​ប្រកួត​និងមិន​ដែល​ចាញ់សោះ ហើយ​កំណត់​ត្រា​នេះគឺ​ជា​លើក​ទី​២​ក្នុង​ពិភពបាល់​ទាត់​កម្ពុជា​បន្ទាប់​ពី​ក្រុម​ណាហ្គាវើល​ធ្វើ​បាន​កាល​ពី​ឆ្នាំ២០០៧៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628