បាល់ទាត់

បឹងកេតតែងតាំងលោក គឹម ភក្ដី​ជា​គ្រូបង្វឹក​ពេញ​សិទ្ធិត្រៀមដឹកនាំក្រុមលេង​ AFC Cup

ក្លិបបាល់ទាត់បឹងកេតបាន​ប្រកាស​ក្នុង​វេបសាយផ្លូវការរបស់​ខ្លួន​ថា បាន​តែងតាំងលោកគឹម ភក្តី ជាគ្រូបង្គោលផ្លូវការ ចាប់ពីពេលនេះតទៅ បន្ទាប់ពីបុរស​ម្នាក់នេះបានដឹកនាំក្រុមទទួលបានជើង​ឯកលីគ​កំពូល​កម្ពុជារដូវ​កាល​២០២០​ដេល​ទើប​នឹង​ចប់​កាល​ពី​សប្ដាហ៍មុន​នេះ។

អគ្គលេខាធិការក្លិបបឹង​កេត​លោក លោក បែ មករា បាននិយាយក្នុង​ពិធីតែងតាំងនេះថា៖ “ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្លិប យើងពិតជាមានមោទកភាពចំពោះអ្វីដែលលោកគ្រូ ភក្តី បានធ្វើកន្លងមកជាមួយក្លិប ពិតណាស់គាត់បានដឹកនាំបឹងកេតឱ្យឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០ និងជាលើកទី៤ក្នុងប្រវត្តិសាស្រ្តក្លិប ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គាត់ យើងបានបញ្ចប់រដូវកាលដោយមិនស្គាល់បរាជ័យទាល់តែសោះ ” ។

“ ដោយមើលឃើញអំពីស្នាដៃរបស់គាត់ និងផែនការរៀបចំក្រុមរបស់គាត់ ស្របទៅតាមចក្ខុវិស័យរបស់ក្លិប ដែលផ្តោតទៅលើការអភិវឌ្ឍជាចម្បង ទើបយើងសម្រេចផ្តល់តួនាទីនេះទៅឱ្យគាត់ផ្លូវការតែម្តង ” ។

លោកគ្រូ គឹម ភក្តី បានចូលកាន់តួនាទីជាគ្រូបង្គោលបណ្តោះអាសន្ន ចាប់តាំងពីសប្តាហ៍ទី ៦ នៃ​លីគ​កំពូល​កម្ពុជារដូវកាល២០២០កន្លងមក ហើយបានឈ្នះពានគ្រូបង្វឹកឆ្នើមល្អដាច់គេ ប្រចាំខែ កក្កដា និង សីហា និងក្រសោបបានពានគ្រូបង្វឹកល្អជាងគេប្រចាំរដូវកាល ២០២០ថែមទៀតផង។ លោក ក៏ធ្លាប់ស្ថិតក្នុងក្រុមការងារបច្ចេកទេស ដែលជួយឱ្យបឹងកេត គ្រងជើងឯកពានរង្វាន់សម្តេចហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិបទៀតផង កាលពីឆ្នាំ ២០១៩ ដែលលោកបានចូលមកបំពេញការងារនៅទីនេះ៕

 

រូបភាព៖ បឹង​កេត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628