បាល់ទាត់

ក្រុមហ៊ុនផលិតសម្ភារៈកីឡាលំដាប់​អន្តរជាតិចំនួន៨​ប្រជែង​គ្នា​ធ្វើម្ចាស់ឧបត្ថម្ភលើ​ឈុត​ជម្រើស​ជាតិ​ថៃ

កាសែតថៃ​កាល​ពី​ម្សិលមិញ​បាន​ទម្លាយថា​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុនផលិតសម្ភារៈកីឡាលំដាប់​អន្តរជាតិ​ចំនួន៨​ក្រុមហ៊ុន​មាន​គោលបំណង​ចង់​ក្លាយ​ជា​ម្ចាស់​ឧត្ថម្ភ​លើ​សម្ភារៈនិង​ឈុត​កីឡារបស់​ជម្រើស​ជាតិ​ថៃ។

កាសែតថៃខាងលើបាន​ឲ្យ​ដឹង​ថា​សហព័ន្ធកីឡាបាល់​ទាត់​ថៃ​កំពុងតែពិនិត្យនិង​ពិចារណា​លើ​តម្លៃ​នៃ​ការ​ដេញថ្លៃរបស់​ពួក​គេ​សម្រាប់​ធ្វើ​ជាម្ចាស់ឧបត្ថម្ភលើឈុត​ជម្រើស​ជាតិ​រយៈ​ពេល​៨​ឆ្នាំ​ពោល​គឺ​ពី​ឆ្នាំ២០២១​ដល់​ឆ្នាំ២០២៨។  ក្នុង​ចំណោម៨ក្រុមហ៊ុននេះ មាន២​ក្រុម​ហ៊ុន​ជា​របស់​ក្នុង​ស្រុក​ឈ្មោះ ARI និង GrandSport ខណៈ​ដែល៦​ផ្សេង​ទៀត​មាន​ដូច​ជា Nike, Adidas, New Balance, Puma, Under Armor និង Mizuno។

តាម​រយៈការស្ទាបស្ទង់មតិ​ក្នុង​បណ្ដាញ​សង្គម អ្នក​គាំទ្រ​បាល់​ទាត់​ថៃជិត១០០០នាក់​ចង់​ឲ្យ​ក្រុមជម្រើស​ជាតិ​ថៃ​ប្រើ​ប្រាស់ផលិតផល​ក្នុង​ស្រុកជាជាងផលិតផល​បរទេស។ កត្តាសំខាន់មួយចំនួនដែលគេសង្កេតឃើញ​ក្នុងការ​បញ្ចេញមតិយោបល់ឲ្យ​ប្រើ​ប្រាស់ផលិតផលក្នុង​ស្រុក​ទាំងនេះ គឺដើម្បីបង្ហាញមោទនភាពនៃការប្រើប្រាស់យីហោក្នុងស្រុក ការកាត់បន្ថយហានិភ័យនៃនៃ​ការ​ចម្លងកម្មសិទ្ធិបញ្ញា ហើយសំខាន់បំផុតទាក់ទងនឹងតម្លៃអាវនៅពេលក្រោយ។

មតិមួយបាន​លើក​ឡើង​ថា៖ “មិនចាំបាច់ផ្តោតសំខាន់លើយីហោថ្លៃៗនោះ​ទេ គួរតែផ្តោតលើតម្លៃសមរម្យ និងងាយស្រួលក្នុងការលក់នោះទៅវិញទេ ព្រោះប្រសិនបើអ្នកយកចិត្តទុកដាក់លើស្លាកយីហោនោះ តម្លៃនឹងខ្ពស់ជាងនេះ ហើយអ្នកគាំទ្រមិនអាចមានលទ្ធភាពទិញវាបានទេ” ។

“យីហោរបស់ថៃក្នុងសេដ្ឋកិច្ចជំនាន់កូវីដដូចនេះ យើងត្រូវគាំទ្រម៉ាកក្នុងស្រុកដើម្បីរស់បាន​យូរ។ ហេតុអ្វីត្រូវជ្រើសរើសយីហោមកពីខាងក្រៅ?”

នេះ​គឺជាយោបល់មួយចំនួនដែលត្រូវបានដកស្រង់ចេញពីគេហទំព័រខាងលើ ហើយវាច្បាស់ណាស់ថា យ៉ាងហោចណាស់! អ្នកគាំទ្របាល់ទាត់ថៃចង់បានយីហោក្នុងស្រុករបស់ពួកគេ ដើម្បីផលិតឈុតជម្រើសជាតិថៃសម្រាប់រយៈពេល ៨ ឆ្នាំខាងមុខ៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628