បាល់ទាត់

លោក ស៊ុំ វណ្ណាចាកចេញ​ពី​ភ្នំពេញក្រោន​ឬ​ទើប​សរសេរសារ​បែបនេះ?

គ្រូបង្វឹកភ្នំពេញ​ក្រោន​លោក ស៊ុំ វណ្ណា​ទំនង​ជា​ចាកចេញ​ពីតំណែង​គ្រូបង្វឹក​ក្លិបភ្នំពេញ​ក្រោន​ហើយ​បន្ទាប់​ពី​លោក​បាន​សរសេរសារ​បែប​ថ្លែង​អំណរគុណ ដល់​ក្លិប​ព្រម​ទាំងថ្នាក់​ដឹកនាំក្លិប​និង​កីឡាករ ក្នុង​ទំព័រហ្វេសបុករបស់​ខ្លួន​នៅ​មុននេះបន្តិច។

ក្នុងសារ​នោះ​មាន​អត្ថន័យបែបនេះ៖” ជាដំបូងខ្ញុំសូមថ្លែងអំណរគុណដល់លោកឧញ៉ាប្រធានក្លឹប ថ្នាក់ដឹកនាំក្លឹប ដែលបានផ្តល់សេចក្តីទុកចិត្តដល់ខ្ញុំធ្វើជាគ្រូបង្វឹកក្រុមឈុតធំនាពេលវេលាជិត២ឆ្នាំមកនេះ ការងារនេះវាពិតជាមានន័យខ្លាំងណាស់ក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំក៏សប្បាយចិត្តដូចគ្នាដែលខ្ញុំបានក្លាយជាចំណែកមួយរបស់ប្រវត្តិសាស្រ្តក្លឹបដែលធំជាងគេនៅកម្ពុជានេះ ។ ជាថ្មីម្តងទៀតខ្ញុំសូមអរគុណដល់ក្រុមការងាររបស់ខ្ញុំ ក្រុមបុគ្គលិកក្លឹប ប្អូនៗកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែង និងធ្វើការងារជាមួយខ្ញុំដោយយកចិត្តទុកដាក់នាពេលកន្លងមកនេះ ។

“ខ្ញុំសង្ឃឹមថាប្អូនៗកីឡាករនឹងខិតខំបន្ថែមទៀត ដើម្បីឡូហ្គោសីង្ហនៅលើទ្រូងរបស់ប្អូនៗ ហើយយើងនៅតែបន្តរាប់អានគ្នា និងខ្ញុំអាចជួយប្អូនៗបានបើសិនជាប្អូនៗត្រូវការ ។ ចំពោះអ្នកគាំទ្រក្លឹបគឺអ្នកទាំងអស់គ្នាពិតជាមានន័យធំធេងណាស់ ខ្ញុំសោកស្តាយដែលខ្ញុំធ្វើមិនបានល្អជូនអ្នកទាំងអស់គ្នា សង្ឃឹមថាអ្នកទាំងអស់គ្នាបន្តការរាប់អានខ្ញុំ និងនៅតែបន្តគាំទ្រឲ្យកាន់តែខ្លាំងបន្ថែមទៀតចំពោះក្លឹបដែលអ្នកស្រលាញ់នេះ។ ក្លឹបភ្នំពេញក្រោនមិនអាចខ្វះអ្នកទាំងអស់គ្នាបានទេ The RED!” ។

គ្រូបង្វឹក​មាន​ប្រភព​ពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​បាន​មក​ធ្វើ​ការងារក្លិបភ្នំពេញ​ក្រោន​កាល​ពី​ឆ្នាំ២០១៩។ ឆ្នាំដំបូង​លោក​កាន់​ទួនាទី​ជា​គ្រូជំនួយរបស់ក្លិប ​ក្រោម​ការ​ដឹកនាំរបស់​លោក Leonardo Vitorino ហើយ​បន្ទាប់​ពី​គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល​ចាកចេញ​ទៅ​ លោក​ឡើង​កាន់​តំណែង​បន្តរហូតដល់​ពេល​នេះ។ ​លោក​បាន​ជួយក្លិប​ភ្នំពេញ​ក្រោន​​ទទួល​បាន​លេខ៣ ​ពាន​រង្វាន់ Metfone Cambodian League 2020 និង​ឡើង​ដល់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់សម្ដេចហ៊ុន សែនលើក​ទី​១៤​ឆ្នាំ២០២០៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628