បាល់ទាត់

អ្នកជំនាញបាល់​ទាត់​ថា​លោក Kiatisak ត្រូវ​ការ​ពេល​វេលាដើម្បី​ជោគជ័យ​នៅ HAGL ដូច Pep និង​ Klopp នៅ City និង​Liverpool

អតីតគ្រូបង្វឹក​ជម្រើស​ជាតិ​ថៃ​លោក Kiatisuk Senamuang បាន​យល់​ព្រម​ទៅ​ដឹកនាំ​ក្លិប​ HAGL ក្នុង​រដូវ​កាល​២០២១​នេះ។ វីរបុរស​ជម្រើស​ជាតិ​ថៃ​នឹង​ទទួល​បាន​ប្រាក់ឈ្នួលប្រចាំ​ខែ២៦០០០ដុល្លារ។​ប្រសិន​បើ​គ្មាន​អ្វីប្រែប្រួល​ទេ​នោះ លោក Kiatisak នឹង​ចុះ​កុងត្រា​ផ្លូវ​ការ​នៅថ្ងៃ​ទី​១៧​ខែ​ធ្នូ​ហើយ​បង្ហាញខ្លួន​ជាមួយក្លិប​តែ​ម្ដង។

អ្នក​ជំនាញបាល់ទាត់​ក្នុង​ប្រទេស​វៀតណាម​លោក Phan Anh Tu បាន​និយាយ​ ​លោក Kiatisak ត្រូវ​ការ​ពេល​វេលាដើម្បី​ជោគជ័យ​នៅ HAGL ដូច Pep និង​ Klopp នៅ City និង​ Liverpool អី​ចឹង​ដែរ​ហើយ​រដូវ​កាល​ដំបូង​គាត់​នឹង​មិន​ឈ្នះពាន​អ្វី​នោះ​ទេ។

“HAGL ត្រូវការគ្រូបង្វឹកដែលមានកំរិតខ្ពស់ និងការយល់ដឹងពិតប្រាកដអំពីស្ថានភាព V.League ដើម្បីជួយក្រុមអោយរស់រានឡើងវិញ។ សម្រាប់ខ្ញុំ Kiatisak  គឺជាផែនការដ៏ល្អសម្រាប់ HAGL។ Kiatisak គឺជាគ្រូបង្វឹកលំដាប់កំពូលនៅអាស៊ីអាគ្នេយ៍។ ការផ្លាស់ប្តូរនៃ​ក្រុមជម្រើស​ជាតិថៃក្នុងអំឡុងពេល​ដឹកនាំរបស់​គាត់បានស្ដែងឲ្យ​ឃើញ​ហើយ។ នៅ HAGL, Kiatisak គឺជានិមិត្តរូប និងមានឥទ្ធិពល។ តាមទស្សនៈ និងទ្រឹស្តី ការចាប់ដៃគ្នារវាង HAGL និង Kiatisak ទទួលបានការរីកចម្រើន​ជាងច្រើន”។

យ៉ាងណាក៏ដោយអ្នកជំនាញ Phan Anh Tu ក៏បានលើកឡើងដែរថា Kiatisak ត្រូវការពេលវេលាដើម្បីទទួលជោគជ័យជាមួយក្រុម HAGL ហើយវាពិបាកក្នុងការរំពឹងថាក្រុមនឹងឈ្នះជើងឯកនៅរដូវកាលដំបូង​ដែល​អតីតគ្រូបង្វឹក​ថៃ​រូបនេះ​ចូល​មក​ដឹកនាំ។

“នៅលើពិភពលោកមានក្លិបតិចតួចណាស់ ដែលអាចឈ្នះជើងឯកភ្លាមៗនៅពេលតែងតាំងគ្រូបង្វឹកថ្មី។ វាដូចគ្នាពី Juergen Klopp ឬ Pep Guardiola ព្រោះពួកគេត្រូវការពេលវេលាដើម្បីសាងសង់ក្រុម ។ នៅ V.League ក្លឹប Viettel ក៏កសាងពីគ្រឹះរឹងមាំដែរ។ លោក Tu បាននិយាយថា“ ក្លឹប Hanoi FC ក៏ឆ្លងកាត់ដំណើរការអភិវឌ្ឍន៍តាមបែបផែន ដើម្បីធ្វើឱ្យមានភាពខុសប្លែកគ្នាដូចថ្ងៃនេះដែរ” ។

Kiatisak ធ្លាប់​ជា​កីឡាករ​របស់​ក្លិបវៀតណាម​មួយ​នេះ​កាល​ពី​អំឡុង​ទសវត្សឆ្នាំ២០០០​​ដោយ​ជួយក្លិប​លើក​ពានលីគ​កំពូលវៀតណាម។ មែន​ទែនទៅ! គ្រូបង្វឹក​រូប​នេះ​ធ្លាប់​ដឹកនាំ​ Hoàng Anh Gia Lai ២​លើក​មក​ហើយ​នៅ ឆ្នាំ២០០៦ ​និង ២០១០​ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628