ធ្លាយរូបសមាជិកភ្នំពេញក្រោន ស៊ិន កក្កដា ចូលរួមជាមួយវិសាខាហើយ

តាមរយៈរូបភាពដែលក្រុមការងារ VEHA MEDIA ទទួលបាន គេឃើញវត្តមានខ្សែបម្រើឆ្នើមរបស់ភ្នំពេញក្រោន ស៊ិន កក្កដា បានលេងឲ្យក្លិបថ្មីវិសាខា ដោយទទួលបានលេខ៧ជំនួសកីឡាករកូរ៉េថែមទៀត។

ម្ចាស់អាវលេខ៧៧របស់ក្លិបជើងកលីកកំពូលកម្ពុជា៦សម័យ បានបាត់សកម្មភាពជាមួយក្លិបតាំងពីចប់ភារកិច្ចជាមួយជម្រើសជាតិ។ គេមិនមានទំនាក់ទំនងជាមួយភ្នំពេញក្រោន ទាល់តែសោះតាំងពីថ្ងៃដែលតែងតាំង Leonardo មក។ ស្របគ្នានេះ មានប្រភពគួរទុកចិត្តទម្លាយថា កក្កដា បានផ្ទេរទៅកាន់វិសាខារួចហើយ ប៉ុន្តែមិនមានការប្រកាសផ្លូវការណាមួយឡើយ។

ស៊ិន កក្កដា ជាយុវជនដែលវិវត្តពីក្រុមថ្នាលរបស់ភ្នំពេញក្រោន ដែលតម្លើងមកចូលក្រុមលីគកាលពីឆ្នាំ២០១៦កន្លងទៅ។ រយៈពេលនេះ គេត្រូវបានកោះហៅចូលជម្រើសជាតិតាំងពីឈុត U18 ដល់ក្រុមធំ។

ដោយឡែក វិសាខា ជាក្រុមសំបូរធនធានមួយដែលតែងតែនាំយកកីឡាករជម្រើសជាតិជាច្រើនទៅចូលរួមដូចជា កែវ សុខផេង, ទិត្យ ធីណា, ឆេង ម៉េង, ងយ ស្រ៊ីន, រស់ សំអឿន, កែវ សុខសិលា, សុខ សុវណ្ណ, និង សារី ម៉ាត់ណូរ៉ូទីន ជាដើម។

 

Loading...