បឹងកេតលើកពាន HSC ជាប្រវត្តិសាស្ត្រ ទោះសល់គ្នា១០នាក់ យកឈ្នះព្រះខ័នរាជស្វាយរៀង

ព្រឹត្តិការណ៍ពានរង្វាន់សម្តេច ហ៊ុន សែន ខាប់ ឆ្នាំ២០១៩ បានឈានមករកឃើញជើងឯកជាផ្លូវការ ដោយបានទៅលើក្លឹបបឹងកេតអេហ្វស៊ី ក្រោយចំណាយពេល១២០នាទី និងបន្តរហូតដល់ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រចុងក្រោយលើក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល៥ទល់៤ ។

ការប្រកួតដែលរៀបចំឡើងនៅកីឡដ្ឋាន Smart RSN បានចាប់ផ្តើមនាវគ្គទី១ បានបញ្ចប់ដោយគ្មានគ្រាប់បាល់ទាំងសងខាង។ តែឈានចូលដល់វគ្គទី២ ស្ថានភាពមានការប្រទាញប្រទង់គ្នាគួរឲ្យចាប់អារម្មណ៍ ពោលគឺចាប់ផ្តើមត្រឹមនាទី៤៨ កីឡាករ ម៉ុន វ៉ាន់ដា រកបាន១គ្រាប់ដំបូងឲ្យក្លឹបបឹងកេត។ រហូតដល់នាទី៦៩ កីឡាករ សេត រ៉ស៊ីប បានប៉ះដៃនឹងបាល់ក្នុងតំបន់ប្រអប់គ្រោះថ្នាក់ក៏ត្រូវបានលោកអាជ្ញាកណ្តាល លឹម ប៊ុនធឿន ផ្តល់កាតក្រហមបណ្តេញចេញពីទីលាន ហើយជាឳកាសរកគ្រាប់វាយបកតាមស្មើដោយកីឡាករ ណុប តុលា លើបាល់ពិន័យ១១ម៉ែត្រ។

ដ្បិតមានសមាជិកតែ១០នាក់ ខាងបឹងកេតអេហ្វស៊ី បានទប់ទល់នឹងព្រះខ័នរាជស្វាយរៀង រហូតដល់ម៉ោងបន្ថែម១២០នាទីបញ្ចប់ ខណៈលទ្ធផលនៅតែ១ទល់១ ដដែល។

រហូតឈានទៅដល់វគ្គកាត់សេចក្តី១១ម៉ែត្រចុងក្រោយ ទីបំផុតជ័យជម្នះទើបអាចរកឃើញដោយបានទៅលើក្លឹបបឹងកេតអេហ្វស៊ី  ក្រោយយកឈ្នះក្នុងលទ្ធផល ៥ទល់៤៕

search previous next tag category expand menu location phone mail time cart zoom edit close